រឿងខ្លី៖ មេឆ្កែផើម លើកតម្លៃនៃសុភាសិត ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត!
នៅក្នុងសៀវភៅ គតិលោកភាគ៤ ដែលចេញផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ មានរឿងមួយតំណាលថា៖
ថ្ងៃមួយមានឆ្កែកំផើមមួយដល់កំណត់គភ៌ចាស់នឹងសម្រាលកូន ក៏ដើរស្វែងរកកន្លែងនឹងសម្រាល។ លុះដើរទៅដល់ទីភូមិផ្ទះ មេនោះក៏ចូលទៅនិយាយថា «សម្លាញ់អើយ! ខ្លួនខ្ញុំនេះមានគភ៌ចាស់ថ្ងៃនឹងសម្រាលកូនក្នុងថ្ងៃនេះហើយ ចូរសម្លាញ់មេត្ដាឱ្យខ្ញុំខ្ចីផ្ទះសម្រាលកូនបាន១ថ្ងៃសិន»។
ឯមេជាម្ចាស់ផ្ទះក៏ឆ្លើយថា «ឱ! សម្លាញ់អើយ ផ្ទះខ្ញុំនេះតូចចង្អៀតណាស់ នៅបានតែម្នាក់ៗ បើសម្លាញ់ឯងមកខ្ចីសម្រាលកូន តើឱ្យយើងទៅនៅអាស្រ័យឯណា?។»
មេកំផើមក៏អង្វរថា «សម្លាញ់អើយ ចូរមេត្ដាដល់ខ្ញុំចុះ កុំថាអ្វីឡើយ ធ្វើម្ដេចការឆ្លងទន្លេនេះជាការក្រលំបាកណាស់ នឹងទៅសម្រាលក្នុងទីវាលកាលឯណាបាន តោងរកទីបន្ទប់ទីមានវត្ថុបិទបាំងទើបសម្រាលបាន ហេតុនេះខ្ញុំឃើញតែផ្ទះសម្លាញ់ឯងនេះ ជាទីគួរសម្រាលបាន សូមសម្លាញ់ជួយដោះទុក្ខ គឺជួយចំលងខ្ញុំឱ្យដល់ត្រើយ យកបុណ្យទៅមុខចុះ ខ្ញុំមិននៅយូរទេ តែសម្រាលរួចកាលណានឹងលាចុះវិញ អញ្ជើញសម្លាញ់ឡើងមកនៅដូចកាលមុនហោង។»
មេឆ្កែម្ចាស់ផ្ទះ ឮមេកំផើមអង្វរដូច្នោះ ក៏កើតក្ដីអាណិតដោយជាតិជាញីដូចគ្នា ទើបចុះចាកគ្រឹហាហើយថា «ចូរមេឯងឡើងទៅសម្រាលកូននៅលើផ្ទះយើងនេះចុះ» ថាហើយក៏ដើរទៅកាន់ទីដទៃនៅចាំទម្រាំគេសម្រាលកូនរួច។ ឯមេកំផើមបានឱកាសហើយ ក៏ឡើងទៅសម្រាលកូននៅលើផ្ទះនោះលុះស្រេចហើយ មេនោះនៅអស់មួយថ្ងៃ។ លុះព្រឹកឡើងមេឆ្កែម្ចាស់ផ្ទះក៏មកទារយកផ្ទះខ្លួន ដល់ហើយថា សម្លាញ់ឆ្លងទន្លេរួចស្រួលបួលហើយ បើសម្លាញ់រួចកិច្ចនោះហើយ ចូរចុះចេញពីផ្ទះយើងចុះ យើងនឹងឡើងទៅនៅវិញ យើងទ្រាំនៅដោយវាលកាលអស់១ថ្ងៃហើយ។ ឯមេកូនក៏អង្វរថា សម្លាញ់អើយ! សូមអាណិតខ្ញុំសិនចុះ ត្បិតកូនខ្ញុំនេះវានៅតូចណាស់ មិនទាន់បើកភ្នែកផង នឹងនាំយកទៅឯណាបាន បើដូច្នេះសូមមេត្ដាបង្អង់បាន៣-៤ថ្ងៃ ចាំកូនវាបើកភ្នែកល្មមដើរបានកាលណា ខ្ញុំនឹងនាំចេញទៅក្នុងកាលនោះឯង។ ឯមេម្ចាស់ផ្ទះ ក៏កើតចិត្ដអាណិតបើកឱ្យមេមានកូននៅចាំកូនបើកភ្នែក។ លុះនៅកន្លងមក៤-៥ថ្ងៃទៀត មេម្ចាស់ផ្ទះនោះទៅទារយកផ្ទះវិញ។ ឯមេមានកូនក៏អង្វរទៀតថា «សម្លាញ់អើយ! ចូរមេត្ដាខ្ញុំសិន ត្បិតកូនខ្ញុំនៅមិនទាន់រឹងដៃរឹងជើងនឹងបណ្ដើរទៅបាន បើដូច្នោះបង្អង់ចាំកូនខ្ញុំ វារឹងដៃរឹងជើងល្មមបណ្ដើរបានកាលណា សឹមខ្ញុំនាំចេញទៅក្នុងកាលនោះឯង»។ លុះនៅកន្លងមកកន្លះខែក៏ទៅទារយកផ្ទះម្ដងទៀត។ ឯមេមានកូនក៏អង្វរទៀតថា «សម្លាញ់អើយ! ខ្ញុំនឹងបណ្ដើរកូនទៅឯណាបាន ត្បិតវានៅមិនទាន់ដុះធ្មេញដុះចង្កូម ហើយមិនទាន់ចេះស៊ីបាយរឹងផង ដូច្នេះសូមមេត្ដាបង្អង់សិនចាំកូន វាដុះធ្មេញចេះស៊ីបាយកាលណា ខ្ញំនឹងនាំចេញពីផ្ទះនេះក្នុងកាលនោះឯង។
ឯមេម្ចាស់ផ្ទះក៏ទទួលអង្វរហើយបោលចេញទៅរកទីទៀតអាស្រ័យនៅ លុះនៅយូរខែមក កូនឆ្កែទាំងឡាយនោះដុះធ្មេញដុះចង្កូមចេះខាំពាំអ្វីៗបាន។ ឯមេម្ចាស់ផ្ទះក៏ទៅទារយកផ្ទះទៀត មេមានកូននោះកើតអាងកូនជាកម្លាំង លុះឮមេម្ចាស់ផ្ទះមកទារយកផ្ទះ ក៏កើតមានះកោងគំរាមតបទៅថា «ផ្ទះនេះមិនមែនជាផ្ទះនាងឯងទេ គឺជាផ្ទះរបស់យើង យើងនឹងចុះចេញចោលពុំបានទេ នាងឯងនៅឯណាបានជាមកស្ដីទារយកផ្ទះនេះ នរណាទៅខ្ចី ឬជួលពីកាលណា ឯកូនឆ្កែទាំងនោះក៏ជួយម្ដាយវា តាំងនាំគ្នាសម្ញេញធ្មេញបញ្ចេញសព្ទព្រុសឡើងថា «មេកញ្ចាស់នេះ ហេតុអ្វីក៏មកស្ដីទារយកផ្ទះរបស់មេយើង ផ្ទះនេះយើងកើតឡើងឃើញតែមេនឹងយើងនេះនៅ ផ្ទះនេះជាផ្ទះយើងប្រាកដ មេកញ្ចាស់ឯងនៅឯណា បានជាមកចោទឆយកផ្ទះយើង យើងមិនឱ្យទេ តែខំចូលមកឬឡើងមកលើផ្ទះយើងៗម្ដាយនិងកូនព្រួតខាំ មេកញ្ចាស់ឯងស្លាប់ក្នុងកាលឥឡូវនេះ នែមេកញ្ចាស់ ចូរជៀសចេញទៅ តែខំនៅក្នុងទីនេះ យើងនឹងចោមគ្នាខាំឱ្យស្លាប់ហោង»។
ឯឆ្កែម្ចាស់ផ្ទះនោះ លុះឮមេឆ្កែនិងកូនវានាំគ្នាគំរាមយកផ្ទះខ្លួនដូច្នោះ ក៏កើតក្ដីខ្លាចព្រោះគេមានគ្នាច្រើន ពុំអាចនឹងយកផ្ទះនោះបានឡើយ កើតក្ដីទោមនស្សតូចចិត្ដក្រៃពេកណាស់ ទើបលះបង់ផ្ទះនោះចោលបោលទៅកាន់ទីដទៃ ផ្ទះនោះក៏បានទៅមេមានកូននោះឯង។
អត្ថបទទាក់ទង
រឿងខ្លី៖ ឥន្ទ្រី និងកញ្ជ្រោង ផ្តល់អត្ថន័យដល់អ្នកសាងកម្មអ្វី រមែងទទួលផលកម្មអំពីទង្វើរបស់ខ្លួន