ហ្សង់ហ្សាក់ រូសូ និងទស្សនវិជ្ជានយោបាយ (១៧១២-១៧៧៨)

លោក ហ្សង់ហ្សាក់ រូសូ (Jean-Jacques Rousseau) គឺ​ជាទស្សនវិទូ​ដែល​មិនបាន​ចូលសាលា ហើយ​គ្មាន​សញ្ញាបត្រ​អ្វី​ទាំងអស់ ក៏ប៉ុន្តែ ត្រូវ​បាន​គេ​ចាត់បញ្ចូល​ក្នុង​ចំណោម​​ទស្សនវិទូ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​​នៅ​ក្នុង​សម័យ​ទំនើប រួមជាមួយ​នឹង នីកូឡា ម៉ាគីយ៉ាវែល (Nicolas Machiavel), ថូម៉ាស់ ហបស៍ (Thomas Hobbes), ចន ឡក (John Locke), ម៉ុងតេសគីយើ (Montesquieu)… ស្នាដៃ​ដ៏ល្បីល្បាញ​របស់​ហ្សង់ហ្សាក់ រូសូ គឺ​សៀវភៅ​ដែល​មាន​ចំណងជើង​ជាភាសាបារាំង “Du contrat social” (ស្តីអំពី​កិច្ចសន្យាសង្គម)។

ប្រវត្តិកំណើត

លោក ហ្សង់ហ្សាក់ រូសូ ដែល​ឪពុកម្តាយ​ជា​ជនបារាំង កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៧១២ នៅហ្សឺណែវ (ប្រទេស​ស្វ៊ីស​បច្ចុប្បន្ន)។ ម្តាយរូសូ​បាន​ទទួល​មរណភាព​ដោយ​ការ​សម្រាលកូន ហើយ​នៅ​ពេល​ដែល​រូសូ​មាន​អាយុទើប​នឹង​បាន ១០ឆ្នាំ ឪពុក​របស់​រូសូ ដែល​ជា​ជាង​និឡិកា​ បាន​ជាប់ក្តីក្តាំ​នៅ​តុលាការ ហើយ​ត្រូវ​បង្ខំ​ចិត្ត​រត់ចោល​ផ្ទះ​សម្បែង ដើម្បី​គេច​ពី​ការជាប់​ពន្ធនាគារ។ រូសូ​ក៏​ត្រូវ​ក្លាយ​ជា​ក្មេងអនាថា រស់​នៅ​លើក​កញ្ជើ​ពី​កន្លែងមួយ​ទៅ​កន្លែង​មួយ​ ដោយ​ម្តងរស់​នៅ​ជាមួយ​នឹង​ឪពុកមា​ខាង​ម្តាយ ម្តង​ទៅ​រស់នៅ​ជាមួយ​នឹង​បុព្វជិត​គ្រិស្តសាសនា ហើយ​ចុងក្រោយ​ទៅ​ធ្វើ​ជា​កូនជាង​ចម្លាក់។ ក៏ប៉ុន្តែ ដោយសារ​តែត្រូវ​រង​ការ​វាយដំ​ពី​មេជាង រូសូ​ក៏​បាន​រត់ចេញ​ពី​ផ្ទះ ហើយ​រសាត់អណ្តែត​​ឆ្លងព្រំដែន​ពី​ហ្សឺណែវ​ចូល​ទៅ​ក្នុង​សាវ័រ ដែល​បច្ចុប្បន្នជា​​ទឹកដី​បារាំង ក៏ប៉ុន្តែ កាលណោះ​​ស្ថិត​ក្នុង​ទឹកដី​អ៊ីតាលី។

អំពីជីវិត

នៅ​តំបន់​សាវ័រ ហ្សង់ហ្សាក់ រូសូ ត្រូវ​បាន​ស្រ្តី​មេម៉ាយ​ស្តុក​ម្នាក់​ឈ្មោះ​ថា លោកស្រី ដឺ​វ៉ារាំងស៍ (Madame de Warens) យក​ទៅ​ចិញ្ចឹម ហើយ​ផ្ចុងផ្តើម​ឲ្យ​រូសូ​បាន​រៀនសូត្រ​ខាង​ដូរតន្រ្តី ក៏ប៉ុន្តែ ក្នុង​ពេលរស់​នៅ​ជាមួយ​លោកស្រី​ដឺវ៉ារាំងស៍ ជាង​១០ឆ្នាំ​នោះ រូសូ​ក៏​បាន​ចំណាយ​ពេល​​យ៉ាងច្រើន​ក្នុងការ​អាន​សៀវភៅ​ទស្សនវិជ្ជា​ផងដែរ។

នៅ​ឆ្នាំ១៧៤២ ហ្សង់ហ្សាក់ រូសូ ដែល​មាន​អាយុ ៣០ឆ្នាំ បាន​ចាកចេញ​ពី​ផ្ទះ​​​លោកស្រី​ដឺវ៉ារាំងស៍​ ដើម្បី​ទៅ​ប្រកប​អាជីព​ជា​អ្នក​និពន្ធ​បទភ្លេង នៅ​ទីក្រុង​ប៉ារីស។ នៅ​ទីនោះ រូសូ​បាន​យក​ប្រព័ន្ធ​តាក់តែង​បទភ្លេង​ដែល​លោក​ទើប​នឹង​បង្កើតឡើង ទៅ​ដាក់​បង្ហាញ​នៅ​ក្នុង​បណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង ក៏ប៉ុន្តែ ប្រព័ន្ធតាក់តែង​បទភ្លេង​ថ្មីនេះ​​មិន​​ត្រូវ​បាន​គេ​ទទួល​យក​នោះទេ ដោយ​សារតែ​បណ្ឌិតសភា​យល់ថា វា​​ជា​ប្រព័ន្ធ​តែងបទភ្លេង​ដែល​មិនសូវ​មាន​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ជាក់ស្តែង។ ទោះជាយ៉ាងណា បណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង​ទទួលស្គាល់​ថា ហ្សង់ហ្សាក់ រូសូ គឺ​ជា​មនុស្ស​ឆ្លាតវៃ និង​មាន​គំនិត​ច្នៃប្រឌិតខ្ពស់។ ជីវិត​រស់នៅ​ក្នុង​ក្រុង​ប៉ារីស​នោះ បាន​នាំ​រូសូ ឲ្យ​ស្គាល់​ទស្សនវិទូ​ដ៏​ចំណានៗ​ជាច្រើន​របស់​បារាំង ជាពិសេស ​ដឺនីស ឌីដឺរូ (Denis Diderot) និង វ៉ុលទែរ (Voltaire)។

ឆ្នាំ១៧៥០ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយដែល​នាំ​ ហ្សង់ហ្សាក់ រូសូ ទៅ​រក​ភាព​ល្បីល្បាញ ហើយ​មិនមែន​ល្បីល្បាញ​ខាង​ដូរតន្រ្តី​ដែល​ជា​ជំនាញ​របស់​លោក​នោះទេ តែ​ល្បីល្បាញ​ខាង​ទស្សនវិជ្ជា។ នៅ​ឆ្នាំនោះ រូសូ ក្នុងវ័យ ៣៨ឆ្នាំ បាន​ចូលរួម​ប្រកួតប្រជែង​សរសេរ​អត្ថបទ​ទស្សនវិជ្ជាមួយ ជុំវិញ​សំណួរ​ថា “តើ​ការរីកចម្រើន​ខាង​វិទ្យាសាស្រ្ត​និង​សិល្បៈ​ជួយ​លើក​តម្កើង​ឬ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ខាង​សីលធម៌​របស់​មនុស្ស?

នៅ​ក្នុង​អត្ថបទ ដែល​មាន​ចំណងជើង​ជា​ភាសាបារាំងថា “Discours sur les sciences et les Arts” រូសូ​បាន​សរសេរ​រៀបរាប់​ពី​ទឡ្ហីករណ៍​ជាច្រើន ដើម្បី​ការពារ​នូវ​គោលគំនិត​របស់​លោកដែល​ថា ការរីកចម្រើន​ខាង​វិទ្យាសាស្រ្ត​និង​សិល្បៈមិនបាន​ជួយ​លើក​តម្កើង​សីលធម៌​របស់​មនុស្ស​នោះទេ ផ្ទុយ​ទៅវិញ វាគឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​សីលធម៌​មាន​ការ​ធ្លាក់ចុះ​ទៅវិញ។ អត្ថបទ​នេះ​បាន​ទទួល​ពានរង្វាន់​លេខ១ ហើយ​កេរ្តិ៍ឈ្មោះ​របស់​រូសូ​ក៏​ចាប់ផ្តើម​មាន​ភាព​ល្បីល្បាញ។

បួនឆ្នាំក្រោយ​មក (ឆ្នាំ១៧៥៤) រូសូ​ បាន​ចូលរួម​ប្រកួតប្រជែង​សរសេរ​អត្ថបទ​មួយថ្មី​ទៀត ដោយលើកនេះ រូសូ​ សរសេរ​អំពី​ “ប្រភព និង​មូលដ្ឋាន​ដែលបង្កើត​ឲ្យ​មាន​​​វិសមភាព​រវាង​មនុស្ស” (តាមភាសាបារាំង “Discours sur l’origine et les fondements de l’inégalité parmi les homes”)។ ស្នាដៃ​ថ្មីនេះ​ក៏​ទទួល​បាន​នូវ​ភាពល្បីល្បាញ​ដូចកាល​ពី​ស្នាដៃ​ទីមួយដែរ។ ក៏ប៉ុន្តែ ក្នុង​ពេលជាមួយគ្នា ទស្សនៈ​របស់​រូសូ​ក៏​ទទួល​រង​នូវការ​រិះគន់​យ៉ាង​ច្រើន​ផងដែរ ជាពិសេស ពី​សំណាក់​បញ្ញវ័ន្ត​​ល្បីៗ​នៅ​ពេលនោះ រួមមាន​ដូចជា ដឺនីស ឌីដឺរូ និង វ៉ុលទែរ ជាដើម ដែល​ជា​អ្នក​មាន​ទំនាក់ទំនង​រាប់អានគ្នា​ជាមួយ​រូសូ។

ទស្សនៈផ្ទុយគ្នា និង​ការ​រិះគន់​គ្នា​ទៅវិញទៅមក​​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​ត្រូវ​កាត់ផ្តាច់ ហើយ​ រូសូ​ និង ​វ៉ុលទែរ ​បាន​ក្លាយ​ទៅ​ជា​គូសត្រូវ​ដ៏​ជូរចត់​នឹងគ្នា។ រូសូ​​ បាន​ចេញ​ពី​ប៉ារីស​ទៅរស់​នៅ​ឯ​ជាយក្រុង​​ដាច់ចេញ​ពី​ក្រុម​បញ្ញវ័ន្តផ្សេងទៀត។ នៅ​ទៅនោះហើយ ដែល ​រូសូ ​​​​​បាន​ចំណាយ​ពេល​សរសេរ​សៀវភៅ​បាន​ច្រើន​ ទាំង​សៀវភៅ​ប្រលោមលោក និង​សៀវភៅ​ទស្សនវិជ្ជា ដោយ​ក្នុងនោះ ស្នាដៃ​ដែល​ល្បីល្បាញ​ជាងគេ គឺ​សៀវភៅ​ទស្សនវិជ្ជា ស្តីពី “កិច្ចសន្យាសង្គម” ដែល​មាន​ចំណងជើង​ជា​ភាសាបារាំងថា “Du contrat social” ដែល​ចេញផ្សាយ​នៅ​ឆ្នាំ១៧៦២។ ស្នាដៃ​មួយទៀត ដែល ​រូសូ​ ចេញផ្សាយ​នៅ​ឆ្នាំ​ជាមួយគ្នា ហើយ​ដែល​ជា​ស្នាដៃ​ដ៏ល្បីល្បាញ​មួយ​ដែរ​នោះ គឹ​សៀវភៅ​​ស្តីពីរបៀប​អប់រំ​មនុស្ស ដែល​មាន​ចំណងជើង​ជា​ភាសាបារាំង​ថា “Emile ou De l’éducation”។

សៀវភៅ​អស់ទាំង​នេះ​ត្រូវ​ទទួល​រងនូវការ​ថ្កោលទោស​ ទាំងពី​សំណាក់​វិហារ​កាតូលិក និង​ពី​សំណាក់​អាជ្ញាធរ​។ ដោយ​ប្រឈមមុខ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ រូសូ​ ក៏​បាន​ចេញ​ពី​បារាំង ហើយ​ទៅ​រស់នៅ​និរទេស​ខ្លួន​ពី​ប្រទេស​មួយ​ទៅប្រទេសមួយ ដោយ​ដំបូង​រត់ទៅ ​ហ្សឺណែវ ​ដែល​ជា​កន្លែងកំណើត ប៉ុន្តែ នៅ​ទីនោះ រូសូ​ ក៏​មិន​ត្រូវ​បាន​គេ​ទទួល​ស្វាគមន៍​នោះដែរ។ ហេតុដូច្នេះហើយ​បាន​ជា​ រូសូ​ ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ហ្សឺណែវ​ទៅ​​អាល្លឺម៉ង់ និង​បន្ទាប់​មក​ទៀត ទៅ​អង់គ្លេស។ ក៏ប៉ុន្តែ នៅ​អង់គ្លេស​នោះ​ រូសូ​ក៏​រស់នៅ​មិនបាន​យូរ​ប៉ុន្មាន​នោះដែរ គឺ​នៅបាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​តែ​មិន​ត្រូវគ្នា​ជាមួយ​នឹង​បញ្ញវ័ន្ត​អង់គ្លេស។

នៅ​ទីបំផុត រូសូ ​ក៏​សម្រេចចិត្ត​វិលត្រឡប់​ចូល​មក​ក្នុង​ប្រទេស​បារាំង​វិញ ក៏ប៉ុន្តែ ចូល​ដោយ​លួចលាក់ ប្រើឈ្មោះ​ក្លែងក្លាយ ហើយ​រស់នៅ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ខេត្តមួយ​ទៅខេត្តមួយ ហើយ​ចុងក្រោយ​ទៅរស់នៅ​ក្នុងស្រុក​តូចមួយ នៅចម្ងាយ​ប្រមាណជា ៣៥គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​ប៉ារីស។

រូសូ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក សរសេរ​អំពី​ប្រវត្តិរូប​ផ្ទាល់​ខ្លួន (“Les Confessions” និង “Rêveries du promeneur solitaire”) ជាពិសេស គឺ​សរសេរ​ដើម្បី​​បកស្រាយ​តប​ទៅ​អ្នក​ដែល​រិះគន់​លោក។ ក៏ប៉ុន្តែ សៀវភៅ​ទាំងនេះ​មិន​ត្រូវ​បាន​បោះពុម្ពផ្សាយ​ភ្លាមៗ​នោះទេ។ រហូត​ទាល់​តែក្រោយ​ពេល​ដែល​លោក​ទទួល​មរណភាព ទើបសៀវភៅ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​បោះពុម្ពផ្សាយ។

ហ្សង់ហ្សាក់ រូសូ ធ្លាក់​ខ្លួន​ឈឺធ្ងន់​ដោយ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​ទទួល​មរណភាព នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៧៧៨ ក្នុង​វ័យ ៦៦ឆ្នាំ។ ១៣ឆ្នាំ​ ក្រោយ​មក អដ្ឋិធាតុ​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​បារាំង​បញ្ជូន​យក​ទៅ​តម្កល់​នៅ​ក្នុង​វិមាន​តម្កល់​សពវីរជន​បារាំង គឺ​វិមាន​​ប៉ង់តេអុង (Panthéon) ក្នុងក្រុង​ប៉ារីស ដោយ​នៅ​ទីនោះ អដ្ឋិធាតុ​របស់ ​ហ្សង់ហ្សាក់ រូសូ ត្រូវ​បាន​គេ​ដាក់​តម្កល់​នៅ​ចំពីមុខ​ទីតាំង​តម្កល់​អដ្ឋិធាតុ​របស់ ​វ៉ុលទែរ ដែល​ជា​គូសត្រូវ​ដ៏​ជូរចត់​នឹង​គ្នាកាល​ពី​ពេល​នៅរស់។

ទស្សនវិជ្ជានយោបាយរបស់ហ្សង់ហ្សាក់ រូសូ

មនុស្ស​ជាទូទៅ មិនថា​កាល​ពី​ក្នុង​សម័យ​បុរាណ ឬ​ក្នុង​ពេល​បច្ចុប្បន្ន តែងតែ​នាំគ្នា​ជឿ​ទៅលើ​ភាពរីកចម្រើនជឿនលឿន​របស់​មនុស្ស ពោលគឺ ពី​សម័យកាល​មួយ ទៅ​សម័យកាល​មួយ ជីវិត​របស់​មនុស្ស​តែងតែ​​មាន​ភាព​ប្រសើរឡើង ទាំង​ខាង​ផ្នែក​សម្ភារៈ និង​សីលធម៌។

ហ្សង់ហ្សាក់ រូសូ​វិញ យល់ឃើញ​ផ្ទុយ​ពីនេះ។ រូសូ​យល់ថា មនុស្ស​ដើមដំបូង ថ្វីដ្បិត​តែ​មិនមាន​ភាពជឿនលឿន​ខាង​សម្ភារៈ ក៏ប៉ុន្តែ មាន​ទឹកចិត្ត​ល្អ សីលធម៌​ប្រពៃ ហើយ​អាច​រស់នៅ​ប្រកប​ដោយ​សុភមង្គល។ ក៏ប៉ុន្តែ ពី​សម័យកាល​មួយ ទៅសម័យកាល​មួយ មនុស្ស​ស្គាល់​នូវ​ភាព​រីកចម្រើន​ខាង​សម្ភារៈ ក៏ប៉ុន្តែ សីលធម៌​របស់​មនុស្ស​វិញ​ត្រូវ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ហើយ​បើ​តាម​រូសូ នេះ​គឺ​ដោយសារ​តែ​ឥទ្ធពិល​អាក្រក់​របស់​សង្គម។ ទាក់ទង​នឹង​ចំណុច​នេះ ហ្សង់ហ្សាក់ រូសូ បាន​ធ្វើការ​ពិចារណា​ទៅលើ​សភាព​ធម្មជាតិ​របស់​មនុស្ស (Etat de nature/State of Nature) នៅមុនពេល​បង្កើត​ជា​សហគមន៍ ឬ​ជា​រដ្ឋ។

យោងតាម​រូសូ ធម្មជាតិ​របស់​មនុស្ស គឺ​កើតមក ដើម្បី​រស់នៅឯកោ​តែឯង ដែល​នេះ​គឺ​ជា​ការ​យល់ឃើញ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អារីស្តូត ដែល​ថា ធម្មជាតិ​របស់​មនុស្ស​កើតមក គឺ​ដើម្បី​រស់នៅ​ជា​សហគមន៍ ឬ​ជា​រដ្ឋ (L’homme est un animal politique)។ ត្រង់កន្លែងនេះ គេ​អាច​និយាយ​បាន​ថា ហ្សង់ហ្សាក់ រូសូ មាន​ទស្សនៈ​ដូចគ្នា​ទៅនឹង​ថូម៉ាស់ ហបស៍។ ក៏ប៉ុន្តែ ភាព​ស្រដៀងគ្នា​នេះ គឺ​មាននៅ​ត្រឹមតែ​ចំណុច​នេះ​តែ​ប៉ុណ្ណោះ រីឯ​គោលគំនិត​ទូទៅ ស្តីពី​សភាព​ធម្មជាតិ​របស់​មនុស្ស ទស្សនវិទូ​នយោបាយ​ទាំងពីរ​រូបនេះ​មាន​ការយល់ឃើញ​ផ្ទុយ​ពី​គ្នា​ស្រឡះ។

យោងតាម​ថូម៉ាស់ ហបស៍ ធម្មជាតិ​របស់​មនុស្ស គឺ​អាត្មានិយម ចូលចិត្ត​ប្រកួតប្រជែងគ្នា តែងតែគិតថា​ខ្លួនឯង​គ្រាន់បើ​ជាង​អ្នកដទៃ ហើយ​មិនញញើត​នឹង​ប្រើកម្លាំង​វាយប្រហារ​ទៅលើ​អ្នកដទៃ ដើម្បី​តែប្រយោជន៍​ផ្ទាល់ខ្លួនឯង។ ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​សភាព​ធម្មជាតិ​របស់​មនុស្ស​ គឺ​ពោរពេញ​ទៅដោយ​ភាព​អនាធិបតេយ្យ និង​ជម្លោះ​ជាប់ជាប្រចាំ។

ហ្សង់ហ្សាក់ រូសូ​វិញ យល់ថា អ្វី​ដែល​ថូម៉ាស់ ហបស៍ រៀបរាប់​នេះ មិនមែន​ជា​សភាព​ធម្មជាតិ​ដើម​របស់​មនុស្ស​នោះទេ តែ​ជា​សភាព​​​របស់​មនុស្ស ដែល​រស់​នៅ​ជា​សហគមន៍​រួចទៅហើយ។ យោងតាម​រូសូ ធម្មជាតិ​របស់​មនុស្ស​ពី​កំណើត​មក គឺ​ស្អាតស្អំ ក៏ប៉ុន្តែ គឺ​សង្គម​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មនុស្ស​ខូច (« l’homme naît bon, c’est la société qui le corrompt » )។

ហ្សង់ហ្សាក់ រូសូ បាន​ធ្វើការ​ពិចារណា​ទៅលើ​មនោសញ្ចេតនា​មួយ​របស់​មនុស្ស គឺ​ការ​ស្រឡាញ់​ខ្លួនឯង ដោយ​បាន​ធ្វើការ​បែងចែក​ជាពីរ​ដាច់ចេញ​ពី​គ្នា​ស្រឡះ។ ទីមួយ គឺ​ការ​ស្រឡាញ់​ខ្លួនឯង​ពី​ធម្មជាតិ (amour de soi) ដែល​ជា​ការ​ចេះគិតគូរ​ពី​ខ្លួនឯង ការពារខ្លួន ថែខ្លួន ចង់​ឲ្យ​ខ្លួន​ល្អ និង​មាន​សុភមង្គល ក៏​ប៉ុន្តែ​សម្រាប់តែស្កប់ចិត្ត​ខ្លួនឯង ដោយ​មិន​ធៀប​នឹង​អ្នកដទៃ ហើយ​មិន​ខ្វល់ខ្វាយ​ពី​ទស្សនៈ​របស់​អ្នកដទៃ​ដែល​មើ​លមក​ខ្លួន។ រូសូ​យល់ថា ការ​ស្រឡាញ់​ខ្លួន​ឯង​ពី​ធម្មជាតិ​នេះ គឺ​ជា​ការល្អ ហើយ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ស្រឡាញ់​ខ្លួន​ឯង​មួយ​ទៀត (amour-propre) ដែលកើតចេញ​ពី​ការ​រស់នៅ​ជា​សហគមន៍។ គឺ​ជា​ការ​ស្រឡាញ់​ខ្លួនឯង​ដោយ​ធៀប​ទៅនឹង​អ្នក​ដទៃ និង​ដោយ​ចង់​ឲ្យ​អ្នក​ដទៃ​មើល​មក​ថា​ខ្លួនល្អ។ ការ​ស្រឡាញ់​ខ្លួនឯង​បែបនេះ​ហើយ​ ដែល​​រូសូ​យល់ថា ជា​កត្តា​ចម្បង​ដែល​នាំ​ទៅ​រក​ការ​ប្រកួតប្រជែងគ្នា ការ​ច្រណែនឈ្នានិសគ្នា និង​ការ​ប្រឈមមុខ​ដាក់គ្នា។

ដូចគ្នា​ដែរ​ចំពោះ​វិសមភាព ហ្សង់ហ្សាក់ រូសូ ធ្វើការ​បែងចែក​ដាច់​ពីគ្នា រវាង ទីមួយ ​វិសមភាព​ពី​ធម្មជាតិ (inégalité naturelle) ដែល​ជា​វិសមភាព​ខាង​រូបរាងកាយ (កម្លាំង​, មាឌ, បញ្ញា, សុខភាព…) ដែល​រូសូ​គិត​ថា​គឺ​ជា​រឿងធម្មតា និង​ទីពីរ វិសមភាព​ដែល​កើតចេញ​ពី​​ការកំណត់​ដោយ​សង្គម (inégalité morale)។ វិសមភាព​ប្រភេទ​ទីពីរ​នេះហើយ ដែល​រូសូ​យល់ថា​ជា​ចំណោទ​ដ៏ធំ​របស់​មនុស្ស ហើយ​ដែល​គេ​ចាំបាច់​ត្រូវ​ស្វែងយល់។

យោងតាម​ហ្សង់ហ្សាក់ រូសូ កត្តា​​ដ៏​ចម្បងមួយទៀត ដែល​បង្កើត​ឲ្យ​មាន​វិសមភាព​នៅ​ក្នុង​សង្គម គឺ​កម្មសិទ្ធិឯកជន។ តាមគំនិត​របស់​រូសូ នៅ​ក្នុង​លក្ខណៈធម្មជាតិ អ្វីៗ​ទាំងអស់​នៅលើ​ភពផែនដី​យើងនេះ​គឺ​ជា​របស់​រួមទាំងអស់ មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នកណា​ម្នាក់នោះទេ។ ក៏ប៉ុន្តែ ការបង្កើត​ឲ្យ​មាន​កម្មសិទ្ធិ​ឯកជន ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​អាច​យក​របស់​អ្វី​មួយ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ផ្តាច់មុខតែឯង ហើយ​លើសពីនេះ​ទៅទៀត អ្នក​ខ្លះ​អាច​មានច្រើន ខ្លះ​មាន​តិច ហើយ​ខ្លះ​អត់មាន​សោះ​ក៏​មាន ដែល​បង្កើត​ឲ្យ​មាន​ទៅជា​វិសមភាព​រវាង​មនុស្ស និង​មនុស្ស​ដូចគ្នា។

ទស្សនៈរបស់​រូសូ​នេះហើយ ដែល​មេដឹកនាំ​បដិវត្តន៍​កុម្មុយនិស្ត រួមមាន​ទាំង​ទស្សនវិទូ​កាលម៉ាក្ស មេដឹកនាំ​កុម្មុយនិស្ត​សូវៀត​លេនីន ឬ​ក៏​មេដឹកនាំ​ខ្មែរក្រហម​ ជាដើម នាំគ្នា​​​លើក​យក​មក​ធ្វើ​ជា​សំអាង ដើម្បី​ដាក់ចេញ​នូវ​នយោបាយ​លុបបំបាត់កម្មសិទ្ធិឯកជន ហើយ​យក​អ្វីៗ​ទាំងអស់​ដាក់​ជា​សមូហភាព។

ក៏ប៉ុន្តែ តាមការពិត​ទៅ ហ្សង់ហ្សាក់ រូសូ មិនដែល​លើកឡើង​ពី​គំនិត​ថា​គេ​ត្រូវលុបចោល​កម្មសិទ្ធិឯកជន​នេះទេ។ សម្រាប់​រូសូ មនុស្ស​យើង​រស់នៅ​ជា​សហគមន៍​រួចទៅហើយ ដូច្នេះ មិន​អាច​វិលត្រឡប់​ទៅរក​សភាព​ធម្មជាតិ​ដើម​វិញ​បាននោះទេ។ ផ្ទុយទៅវិញ អ្វីដែល​គេ​គួរធ្វើ គឺ​ត្រូវ​រកវិធី​គ្រប់គ្រង​​ទំនាក់ទំនង​នៅ​ក្នុង​សហគមន៍​ ដើម្បី​ធានា​នូវ​យុត្តិធម៌ និង​សិទ្ធិសេរីភាព​របស់​បុគ្គល​នីមួយៗ​នៅ​ក្នុង​សហគមន៍ ហើយ​បើ​តាម​រូសូ​ គេ​អាច​សម្រេច​គោលដៅនេះ​បាន តាមរយៈ “កិច្ចសន្យាសង្គម”។

នៅ​ក្នុង​ “កិច្ចសន្យាសង្គម” របស់​រូសូ មនុស្ស​ម្នាក់ៗ​សុខចិត្ត​លះបង់​សិទ្ធិពីធម្មជាតិ​​របស់​ខ្លួន ហើយ​ជាថ្នូរមកវិញ គឺ​ទទួល​បាន​នូវ​សិទ្ធិពលរដ្ឋ​ដែលកំណត់​ដោយ​ច្បាប់ ដោយ​នៅ​ក្នុងនោះ​ក៏មាន​ដែរ សិទ្ធិ​ទៅលើ​កម្មសិទ្ធិឯកជន។

យោងតាម​រូសូ នៅ​ក្នុង​សង្គមមួយ​ដែល​យុត្តិធម៌ គ្រប់គ្នា​ចាំបាច់​ត្រូវតែ​គោរព​ទៅ​តាម​ “ឆន្ទៈទូទៅ” (Volonté générale) ពោលគឺ ឆន្ទៈរបស់ប្រជារាស្រ្តជាទូទៅ។ ឆន្ទៈទូទៅ​គឺ​មាន​គោលដៅ​ស្វែងរក​ផលប្រយោជន៍​ទូទៅ ហើយ​វាអាច​មាន​ភាព​ផ្ទុយគ្នា​ទៅនឹង​ឆន្ទៈបុគ្គល និង​ប្រយោជន៍​បុគ្គល ក៏ប៉ុន្តែ នៅ​ក្នុង​ករណី​មាន​ភាព​ផ្ទុយគ្នា​នេះ ឆន្ទៈទូទៅ​ត្រូវតែ​មាន​ឧត្តមានុភាព​លើ​ឆន្ទៈបុគ្គល។

ម្យ៉ាងទៀត ហ្សង់ហ្សាក់ រូសូ ក៏​បាន​ធ្វើការ​ទាញភ្ជាប់គ្នា​ផងដែរ រវាង “ឆន្ទៈទូទៅ” និងធម្មានុរូបភាព​នៃ​ច្បាប់ និង​​អំណាច​រដ្ឋ។ រូសូ​យល់ថា ដោយសារ​តែ​អ្វីៗ​ទាំងអស់ ទាំងមេដឹកនាំ និង​ទាំង​ច្បាប់ សុទ្ធតែ​កើតចេញ​ពី​ឆន្ទៈ​ទូទៅ​របស់​ប្រជាជន ដូច្នេះ នៅ​ពេល​ប្រជាជន​ស្តាប់​មេដឹកនាំ និង​គោរពច្បាប់ តាមពិត គឺ​គ្រាន់តែ​ជា​ការ​ស្តាប់ និង​គោរព​តាម​ឆន្ទៈ​របស់​ខ្លួនឯងតែ​ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ​បាន​ជា​រូសូ បាន​សរសេរ​នូវ​ពាក្យដ៏ល្បីល្បាញ​មួយឃ្លាថា “L’obéissance à la loi qu’on s’est prescrite est la liberté” ដែល​មាន​ន័យជារួមថា ការគោរព​ច្បាប់​ដែលកើតចេញ​ពី​ឆន្ទៈខ្លួនឯង វា​គឺ​ជា​សិទ្ធិសេរីភាព ហើយ​មិនមែន​ជា​ការ​បង្ខិតបង្ខំនោះទេ។

ក៏ប៉ុន្តែ សំណួរ​ចម្បងដែល​ចោទឡើង គឺ​នៅត្រង់​ថា តើ​មេដឹកនាំ និង​ច្បាប់ ពិតជា​កើតចេញ​ពី​ឆន្ទៈរាស្រ្ត​ដែរឬទេ? ចំណុច​នេះហើយ ដែល​​​ហ្សង់ហ្សាក់ រូសូ បាន​លើក​យក​មក​ធ្វើ​ជា​មូលដ្ឋាន ក្នុងការ​រិះគន់​របបដឹកនាំ​នៅ​បារាំង នៅ​ក្នុង​សម័យកាល​នោះ (Ancien régime) ដោយ​រូសូ​ចាត់ទុកថា​ជា​របៀបដឹកនាំ​មួយ ដែល​មិនគោរពទៅតាម​ឆន្ទៈទូទៅ​របស់​ប្រជារាស្រ្ត។ ១១ឆ្នាំក្រោយ​មរណភាព​របស់​ហ្សង់ហ្សាក់ រូសូ ទ្រឹស្តី​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ដ៏​ចម្បងមួយ ក្នុងការ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​បារាំង នៅ​ឆ្នាំ១៧៨៩។

មនុស្ស​កើត​មក​សុទ្ធ​តែ​ល្អ​ដូច​គ្នា គឺ​សង្គម​ទេ​ដែល​ធ្វើ​ឱ្យ​មនុស្ស​អាក្រក់​

ក្នុង​ន័យ​នេះ លោក​ទំនង​ចង់​សំដៅ​ថា កំណើត​របស់​មនុស្ស​គ្រប់ៗរូប​ពិត​ជា​មាន​យុត្តិធម៌ និង​សមភាព ពោល​នៅ​ពេល​មនុស្ស​កើត​មក​សុទ្ធ​តែ​ល្អ​ដូចៗ​គ្នា ប៉ុន្តែ​ហេតុ​ផល​ដែល​ជំរុញ​ឱ្យ​មនុស្ស​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់ ឬ​ទុច្ចរិត គឺ​បណ្ដាល​មកពី​គ្រួសារ មជ្ឈដ្ឋាន​ជុំ​វិញ ឬ​សង្គម​ដែល​ពួក​គេ​រស់​នៅ​តែ​ប៉ុណ្ណោះ។

ពិត​ជា​ត្រឹម​ត្រូវ​មិន​អាច​ប្រកែក​បាន​ពិត​មែន​! គ្មាន​បុគ្គល​ណាម្នាក់​មាន​ចរិត​អាក្រក់​​ព្រៃ​ផ្សៃ​ជួ​ជាតិ​ពី​កំណើត​នោះ​ឡើយ ពោល​មនុស្ស​គ្រប់ៗរូប​កើត​មក​ប្រៀបដូច​ជាក្រដាសស​ស្អាត​មួយ​សន្លឹក​អ៊ីចឹង។ មាន​ន័យថា ពេល​កើត​មក​មនុស្ស​មាន​ខួរ​ក្បាល​ស្អាត​ស្អំ គ្មាន​ប្រឡាក់ប្រឡូស​នឹង​សេចក្ដី​លោភលន់ គ្មាន​ចិត្ត​អន្យតិរ្ថិយ​នោះ​ឡើយ។ តែ​ប្រសិន​បើ​ពួក​គេ​រស់​ក្នុង​មជ្ឈដ្ឋាន ឬ​សង្គម​គ្រួសារ​ដែល​ខ្មៅ​ងងឹត​និង​ទុច្ចរិត នោះ​ពួក​គេ​នឹង​មាន​ផ្នត់​គំនិត​ទៅ​តាម​សង្គម​នោះ​ជាក់​ជាពុំខាន។

តួ​យ៉ាង មិន​ថា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្តិហៀរហូរ បុណ្យ​សក្តិឧត្ដុង្គឧត្ដម បញ្ញាជន ឬ​កូន​អ្នក​ក្រីក្រគ្មាន​ទីពឹងពំ​នាក់​នោះ​ទេ ប្រសិន​បើ​ពួក​គេសេពគប់​មិត្ត​ភក្តិ​ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​លេង​ល្បែង​ពាលាអាវ៉ាសែ នោះ​ពួក​គេ​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ញៀន​ថ្នាំ ឬ​លេង​ល្បែង​ពាលាអាវ៉ាសែ ឬ​ក៏​ក្លាយ​ជា​មនុស្ស​ទុច្ចរិត​ក្នុង​សង្គម​ក៏​មាន។ ក៏​ប៉ុន្តែ ប្រសិន​បើ​បុគ្គល​ទាំង​នោះ​សេពគប់​មិត្ត​ល្អ ដើរ​តាម​គន្លងធម៌ នោះ​ពួក​គេ​នឹង​មាន​អនាគត​ល្អ​ប្រសើរ។ ការណ៍​នេះ គឺ​បញ្ជា​ក់​ឱ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់​ថា កត្តា​ដែល​ធ្វើ​ឱ្យ​មនុស្ស​ក្លាយ​ជា​បុគ្គល​អាក្រក់ ពុំ​មែន​មាន​មកពី​កំណើត​នោះ​ទេ គឺ​ដោយ​សារតែ​សង្គម ឬ​មជ្ឈដ្ឋាន​ដែល​ពួក​គេ​រស់​នៅ​តែ​ប៉ុណ្ណោះ។

មនុស្ស​មាន​សិទ្ធិសេរីភាព ប៉ុន្តែ​វា​ជា​សិទ្ធិ​​សេរីភាព​ដែល​ជាប់ច្រវាក់​!

សេរីភាព គឺជា​ការចង្អុលបង្ហាញ​អំពី​ចរិត​លក្ខ​ណៈ​នៃ​ភាពសុខសាន្ដ ដែល​មនុស្ស​មាន​សេរីភាព​ពេញលេញ​ក្នុងការ​អនុវត្តតាម​សិ​ទ្ធិ​ដែល​បាន​កំណត់ដោយ​ច្បាប់ ។ មនុស្ស​ត្រូវបាន​វិនិច្ឆ័យ​ថា មាន​សេរីភាព​នៅពេលដែល មនុស្ស​ខ្លួនឯង​គឺជា​សេរីភាព ហើយ​វា​មិនមាន​ព្រះអាទិទេព ជា​អ្នកកំណត់​នោះទេ​។ តែ​មនុស្ស​គ្រប់រូប​មាន​សេរីភាព​ផ្សេងៗ​គ្នា ដោយ​មិន​គិតពី វណ្ណៈ​ឬ​មុខងារ​ខ្ពស់​ទាប​ឡើយ ហើយ​សិទ្ធិសេរីភាព​ដែល​អ្នក​បានជ្រើសរើស​ស​ម្រា​ប់​ខ្លួន​ឯង ព្រោះ​សេរីភាព​គឺជា​សេរី​ក្នុងការ​ធ្វើ​អ្វី​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ​។

រូ​ស្សូ យល់ឃើញថា​ “មនុស្ស​មាន​សិទ្ធ​សេរីភាព ប៉ុន្តែ​វា​ជា​សិទ្ធិ​សេរីភាព​ដែល​ជាប់ច្រវាក់​​។” ព្រោះ​មនុស្ស​រស់នៅ​ជា​សង្គម ក្រោយមក​បាន​ប្រែខ្លួន​ទៅជា​រដ្ឋ​។ រដ្ឋ​មាន​ឆន្ទៈ​រួម​របស់ខ្លួន ហើយ​សមាជិក​ម្នាក់ៗ​នៃ​រដ្ឋ នឹង​ក្លាយជា​ផ្នែក​យ៉ាងសំខាន់​មិនអាច​កាត់ផ្តាច់​បាន​ពីរ​ដ្ឋ​។ ចំណែក​រដ្ឋ​ដែលមាន​លក្ខណៈ​ល្អប្រសើរ ចាំបាច់​ត្រូវតែមាន ច្បាប់​សម្រាប់​មនុស្ស​ក្នុងការ​អនុវត្ត​។ មនុស្ស​ម្នាក់ៗ​ត្រូវ​ស្គា​ល់ពី​កាតព្វកិច្ច​សង្គម និង​ស្មារតី​ទទួលខុសត្រូវ​ផ្នែក​សីលធម៌​ក្នុងនាម​ជា​សមាជិក​សង្គម​។​

​ហេតុផល​នេះហើយ​ដែល រូ​ស្សូ យល់ឃើញថា ជា​ធម្មជាតិ​មនុស្ស​កើតមក​មាន​សិទ្ធិ មាន​សេរី​គ្រប់គ្រាន់​ក្នុងនាម​ជាម​នុស្ស ដើម្បី​ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​។ ក៏ប៉ុន្តែ​ដោយសារ​មនុស្ស​រស់នៅក្នុង​សង្គម មាន​ទំនាក់ទំនង​គ្នា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ ហេតុនេះ​សេរីភាព​ទាំងឡាយ​របស់​មនុស្ស មិនអាច​ត្រូវបាន​សម្ដែងឡើង​តាមតែ​ការចង់បាន​របស់​មនុស្ស​បានទេ​។ សិទ្ធិសេរីភាព​ទាំងនោះ​ត្រូវបាន​ជាប់ច្រវាក់​ដោយ​សំណាញ់​ច្បាប់សង្គម​។ ទោះបី​មនុស្ស​ចង់​ធ្វើ​អ្វី​ទៅតាម​គំនិត និង​ចិត្ត​របស់ខ្លួន ក៏ត្រូវ​គិត​អំពី​ច្បាប់សង្គមផងដែរ​។ ព្រោះនេះ ​គឺ​កិច្ចសន្យា​មួយ​ដែល​មនុស្ស​បាន​ព្រមព្រៀងគ្នា ក្នុង​កិច្ចសន្យា​សង្គម​ដើម្បី​បង្កើត​រដ្ឋ​។

ជារួមអំពីឃ្លានេះ សម្រាប់​រូ​ស្សូ មនុស្ស​មាន​សិទ្ធិសេរីភាព ក៏ប៉ុន្តែ​សេរីភាព​ទាំងអស់នោះ​ គឺ​មិនអាច​អនុវត្តន៍ ឬ​ប្រើប្រាស់​បាន​គ្រប់ពេល​នោះទេ​។ សិទ្ធិ​និង​សេរីភាព​របស់​មនុស្ស​ ត្រូវ​បាន​ជាប់ច្រវាក់​នៃ​សំណាញ់​ច្បាប់​។​

ឯកសារយោង ៖

១. សេង ឌីណា (២០១៨), នាទីប្រវត្តិសាស្រ្តពិភពលោក, ហ្សង់ហ្សាក់ រូសូ (១៧១២-១៧៧៨), RFI Khmer 

២. សេង ឌីណា (២០១៨), នាទីប្រវត្តិសាស្រ្តពិភពលោក, ទស្សនវិជ្ជានយោបាយរបស់ហ្សង់ហ្សាក់ រូសូ, RFI Khmer 

​ ​៣. ឈឹម ភាវី​ (២០១៣​)ទ្រឹស្ដី​អក្សរសិល្ប៍​,​ទំព័រទី៧៩​

៤. ថ្មីៗ (២០១៥), មនុស្ស​មាន​សិទ្ធិសេរីភាព ប៉ុន្តែ​វា​ជា​សិទ្ធិ​​សេរីភាព​ដែល​ជាប់ច្រវាក់​!


អត្ថបទទាក់ទង

ប្រវត្តិសង្ខេប និងស្នាដៃ របស់ អាល់បែរ កាមុស ទស្សនវិទូនៃភាពឥតន័យ

 

Leave a Reply

Your email address will not be published. Required fields are marked *