១៦ ទស្សនៈអំពីជីវិត

ទស្សនៈ មានន័យថា ការ​ឃើញ, ដំណើរ​យល់ឃើញ, បញ្ញា​សាមញ្ញ។ ខាងក្រោមនេះជាទស្សនៈអំពីជីវិត ១៦ ប្រយោគ ពីអ្នកប្រាជ្ញនានា ដែលអាចធ្វើឲ្យយើងយើ់កាន់តែប្រសើរអំពីជីវិត៖

១. គោលដៅនៃការសិក្សា គឺសិក្សាដើម្បីជីវិត។ គោលដៅជីវិត គឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិ មានគុណធម៌ និងសេចក្តីក្លាហាន។ 

២. យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ។

៣. ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែកមកធ្វើឲ្យកំណាព្យនេះមានតម្លៃ មានអត្ថន័យកាន់ខ្លាំងឡើង។ ជីវិតជាបទភ្លេងដែលមិនមានថ្ងៃច្រៀងចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅនោះទេ។

៤. ជីវិតដែលពិតប្រាកដ ជាជីវិតដែលមានសេចក្តីសុខ។

៥.​ ខ្លឹមសាររបស់ការកើត ​មិនមែនសេចក្តីសុខ​ តែជាសេចក្តីទុក្ខ ជាសេចក្តីសោកសៅ គឺសំឡេងស្រែកយំ មិនមែនសម្លេងសើចក្អាកក្អាយ គឺចំណងលក្ខខណ្ឌ មិនមែនសេរីភាពនោះទេ។

៦. ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ។

៧. ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈាម និងភ្លើងសង្រ្គាម ចូរកុំធ្វើខ្លួនជាពពែដែលត្រូវគេកាប់ចិញ្ច្រាំនៅកណ្តាលទីលានប្រយុទ្ធ យើងត្រូវមានចិត្តហ៊ឹកហ៊ាក់ក្លាហាន ឈានទៅខាងមុខយ៉ាងអង់អាច។

៨. បើចង់ជ្រាបអត្ថន័យ គុណតម្លៃ ហើយនិងសច្ចធម៌នៃជីវិត យើងត្រូវបំពេញតួនាទីក្នុងភាពជាមនុស្សឲ្យដល់ទីបំផុត។

៩. ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង់យឺនយូរ។ ចូរប្រគល់ស្នាដៃដ៏មានគុណតម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយទៅចុះ ហើយអ្នកនឹងមានជីវិតនៅយ៉ាងអមតៈ។ 

១០. មនុស្សខ្លះមានជីវិតរស់នៅជាមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅស្រដៀងមនុស្ស។ មនុស្សខ្លះមានជីវិតរស់នៅដោយមិនដឹងថាខ្លួនឯងជាមនុស្ស។

១១.​ លទ្ធផលដ៏ផ្អែមត្រជាក់ដែលមនុស្សទួទៅបានទទួលក្នុងវ័យជរានោះ ភាគច្រើនជាផលដែលពួកគេបានសាបព្រួសទុកក្នុងកាលវ័យកម្លោះក្រមុំ។
(សូឡូម៉ន)

១២. ការស្លាប់ ឬរស់នោះ មេឃបានលិខិតទុករួចស្រេចទៅហើយ ព្រោះហេតុនេះយើងគួរមានសេចក្តីសុខជាមួយកំឡុងពេលណាមួយនៃជីវិត បណ្តោយឲ្យសេចក្តីស្លាប់ក្លាយជាឆាកពណ៌ខ្មៅដែលឆ្លុះបញ្ចាំងពណ៌ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែខ្លាំងឡើងចុះ។

១៣. អ្នកដែលអាចទទួលរក្សាទុកនូវសេចក្តីសុខ ដែលបានកើតឡើងដោយចៃដន្យពីជីវិតដែលពេញទៅដោយភាពរលាក់រលែក ឬអ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយចៃដន្យពីជីវិតដែលសែនរាបរលូន បុគ្គលនោះឈ្មោះថាជាអ្នកចេះជ្រើសរើសប្រើជីវិត។

១៤. មិនចាំបាច់រំឮកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងរឿងនិទានឲ្យពួកយើងស្តាប់ទេ ព្រោះថាវ័យកម្លោះក្រមុំរបស់យើង ក៏គឺវេលាដ៏រុងរោចន៍បំផុតក្នុងជីវិតរបស់យើង។

១៥. ក្នុងលោកនេះ មិនមានរបស់ដែលហៅថាបានទាំងអស់ ហើយនិងបាត់បង់ទាំងអស់នោះឡើយ។

១៦. មនុស្សដែលសើចយ៉ាងមានក្តីសុខ ព្រោះមានជីវិតស្រស់ស្អាត ប្រដូចការដើរនៅលើផ្លូវដែលរោយរាយដោយស្រទាប់នៃផ្កាកុឡាបនោះ មិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែសើចបានទៀតក្នុងខណៈដែលជីវិតពេញទៅដោយសេចក្តីទុក្ខលំបាក បុគ្គលនោះរមែងមានតម្លៃគួរដល់ការគោរពរាប់អានយ៉ាងក្រៃលែង។


អត្ថបទទាក់ទង

៥ យ៉ាង ដែលជាតម្លៃ​ និង​ការរស់នៅ​របស់​មនុស្ស​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ

 

Leave a Reply

Your email address will not be published. Required fields are marked *