តើអ្វីខ្លះដែលអ្នកមិនគួរសួរនៅក្នុងការសម្ភាសបុគ្គលិក?

ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកប្រាកដជាបានចូលរួមក្នុង ឬធ្វើសម្ភាសបុគ្គលិកនៅពេលណាមួយមិនខាន។ ការសម្ភាសបុគ្គលិក ត្រូវធ្វើឡើងដោយមានការគោរពទៅវិញទៅមក និង​ព្យាយាមស្វែងយល់ឲ្យបានច្រើនពីបេក្ខជនដែលដាក់ពាក្យមក។ ការសួរសំណួរ ស៊ីជម្រៅអាចធ្វើឲ្យអ្នកដឹងថា តើអ្នកណាសមនឹងទទួលបានការងារ។

អ្នកក៏ត្រូវកំណត់ព្រំដែនៃការសួរដែរ ព្រោះបើមិនដូច្នោះទេ អ្នកអាចសួរសំណួរដែលត្រូវបានគេរាប់បញ្ចូលថាជាការរើសអើង។

តើអ្វីខ្លះដែលអ្នកមិនគួរសួរ?

ទី១ គឺបញ្ហាគ្រួសារ

អ្នកអាចគិតថា ការសួរសំណួរដែលទាក់ទងនឹងគ្រួសារ អាចជួយឲ្យអ្នកយល់ពីអត្តចរិតរបស់បេក្ខជន។ គ្រួសារ ជារឿងបុគ្គលដែលមិនគួរយកមកលាយឡំជាមួយនឹងការងារ។ អ្នកត្រូវគិតថា ទោះបីជាគ្រួសាររបស់បេក្ខជនយ៉ាងម៉េចក៏ដោយ ឲ្យតែពួកគាត់អាចធ្វើការបានតាមការទាមទាររបស់ស្ថាប័នអ្នក គឺគ្រប់គ្រាន់ហើយ។

បញ្ហាគ្រួសារ មិនមែនជាកត្តាសម្រេចថាអ្នកណាម្នាក់អាចធ្វើការបានទេ។ គ្រួសារ មាន ឬក្រ មានសុភមង្គល ឬឈ្លោះគ្នារាល់ថ្ងៃ មិនបញ្ជាក់ពីសមត្ថភាពអ្នកដែលមកធ្វើការទេ។

ទី២ គឺជំនឿ និង​សាសនា

បើអ្នកសួរសំណួរបែបនេះ​ បេក្ខជននឹងគិតថា ស្ថាប័នរបស់អ្នករើសអើងជំនឿដែលផ្ទុយគ្នា។ ជំនឿ ជាសិទ្ធិបុគ្គល បើអ្នកចង់ដឹងពីជំនឿរបស់អ្នកដទៃ អ្នកត្រូវចំណាយពេលច្រើនជាងការសម្ភាសត្រឹមតែ១ម៉ោង ឬ២ម៉ោង។

Business Insider បានចេញផ្សាយអត្ថបទមួយ ទាក់ទងនឹងចំណុចនេះ ហើយបានហៅអ្នកគ្រប់គ្រងដែលសួរសំណួរទាក់ទងនឹងសាសនា ថាអ្នកគ្រប់គ្រងដែលគ្មានបទពិសោធន៍។ នេះជាសំណួរដែលរើសអើងជាងគេបំផុត។

អ្នកគួរតែទុកចិត្តបានថា បុគ្គលិកដែលមកធ្វើការ នឹងមិនផ្សព្វផ្សាយពីជំនឿរបស់ពួកគេផ្តេសផ្តាសនៅកន្លែងការងារនោះទេ។ អ្នកក៏មិនចាំបាច់ចង់ដឹងពីរឿងនេះ តាំងពីដំបូងដែរ។

ទី៣ គឺ ការប្រកាន់នយោបាយ

ប្រជាជន ត្រូវខ្វល់ខ្វាយពីនយោបាយ ប៉ុន្តែនៅពេលសម្ភាស អ្នកអាចមិនបាច់លើកវាមកសួរទេ។ នេះជាបម្រាមទីមួយនៅក្នុងសិល្បៈនៃការសម្ភាសបុគ្គលិក។

មិនថាពួកគាត់ គាំទ្របក្សនយោបាយណាទេ បើពួកគាត់មកធ្វើ ពួកគាត់ត្រូវតែគោរពតាមច្បាប់វិន័យរបស់ស្ថាប័ន។

បេក្ខជនដែលបានលឺសំណួរនេះ អាចនឹងព្រួយបារម្ភពីគោលបំណងរបស់អ្នក។ ពួកគេអាចនឹងឆ្ងល់ថា តើស្ថាប័ននេះមានពាក់ព័ន្ធអ្វីជាមួយអ្នកនយោបាយណាមួយ? អ្នកមិនចង់ឲ្យខ្លួនឯងបាត់បង់បុគ្គលិកឆ្នើម ព្រោះតែសំណួរដែលមិនចាំបាច់បែបនេះទេ។

មិនថាពួកគាត់ គាំទ្របក្សនយោបាយណាទេ បើពួកគាត់មកធ្វើ ពួកគាត់ត្រូវតែគោរពតាមច្បាប់វិន័យរបស់ស្ថាប័ន។ បើស្ថាប័នមិនអនុញ្ញាតឲ្យនិយាយ ឬផ្សព្វផ្សាយពីនយោបាយ ពួកគាត់ត្រូវតែអនុវត្តតាម។ តើវាមានអ្វីខុសប្លែកគ្នា បើអ្នកដឹងថា គាត់គាំទ្របក្សនយោបាយខាងណានោះ?

ទោះបីអ្នកសួរចំៗ ឬសួរដោយប្រយោលក៏ដោយ អ្នកគួរតែជៀសវាងលើកយករឿងទាំង៣ខាងលើនេះមកពិភាក្សា។ តាមពិតមិនមែនតែក្នុងពេលសម្ភាសទេ សូម្បីតែពេលធ្វើការក៏ដោយ ព្រោះរឿងខ្លាំង អាចនាំជម្លោះ និង​ការស្អប់ខ្ពើម។ អ្នកគ្រប់គ្រង ត្រូវទប់ស្កាត់សកម្មភាពណាដែលនាំឲ្យមានការបែងចែកបក្សពួកក្នុងស្ថាប័ន។

Leave a Reply

Your email address will not be published. Required fields are marked *