តើអ្វីទៅគឺជា កម្ម ?

តាមន័យត្រង់កម្ម មានន័យថា អំពើប្រកបដោយចេតនា ហើយពាក្យនេះសំដៅលើជំនឿរបស់ពុទ្ធបរិស័ទ នៅក្នុងទស្សនៈមួយដែលគេហៅថា ទស្សនៈកម្មផល។ យើងមានជំនឿថា កាលណាមានកម្ម ប្រាកដជាមានផល ទាំងនៅក្នុងជាតិនេះ និងជាតិខាងមុខ។

ដូច្នេះគេមិនមើលឃើញនូវផលនៃកម្មដូចជារង្វាន់ ឬការដាក់ទណ្ឌកម្មចំពោះសកម្មភាពដែលបានធ្វើនោះទេ ប៉ុន្តែជាធម្មតា វាជាផលនៃចេតនាកម្មមួយនោះឯង។ កម្មល្អនឹងផ្ដល់ផលល្អ រីកម្មអាក្រក់នឹងផ្ដល់ផលអាក្រក់។ សូមលើកយកឧទាហរណ៍សាមញ្ញមួយមកបញ្ជាក់ ឧបមាបុគ្គលម្នាក់ជាអ្នកជក់បារី ផឹកស្រា និងបរិភោគច្រើនហួសប្រមាញ ដោយមិនមានការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជាលទ្ធផលបុគ្គលនោះឯងងាយនឹងកើតជំងឺឡើងឈាម ហើយត្រូវរងទុក្ខវេទនាជាអនេក។ រីឯបុគ្គលតែចេះតមចំណីអាហារ និងចេះថែរក្សាខុសភាពឲ្យបានល្អវិញ តែងតែមានជីវិតរស់នៅប្រកបដោយសុខុមាលភាព សូម្បីតែពេលគាត់មានវ័យចំណាស់ក៏ដោយ។

ដូច្នេះបុគ្គលដែលបានធ្វើនូវអំពើល្អ និងកម្មល្អច្រើននឹងសោយនូវជីវិតដែលពោលពេញដោយសេចក្ដីសប្បាយរីករាយ ហើយអាចវិញមកកើតជាមនុស្ស ឬកើតនៅស្ថានទេវតានៅជាតិខាងមុខ។ ផ្ទុយទៅវិញ បុគ្គលដែលបានធ្វើនូវអំពើអាក្រក់ច្រើន ហើយសន្សំនូវអកុសលកម្មច្រើនតែងមានជីវិតរស់នៅប្រកបដោយភាពលំបាក ហើយនឹងកើតនៅក្នុងអបាយភូមិទៀតផង។

កម្ម គឺប្រៀបបានទៅនឹងគ្រាប់ពូជ។ អ្នកត្រូវចេះជ្រើសរើសគ្រាប់ពូជដែលអ្នកចង់ដាំ។ ដូច្នេះសូមមេត្តានាំគ្នាដាំគ្រាប់ពូជល្អៗឲ្យបានច្រើន តាមលទ្ធភាពដែលយើងអាចធ្វើទៅរួច។

សារសំខាន់នៃកម្មៈ កម្មគឺជាកម្មសិទ្ធតែមួយគត់ដែលយើងមានពិត ហើយដែលយើងយកតាមខ្លួនជាប់ជានិច្ចពីមួយជាតិទៅមួយជាតិ។ កាយកម្មក្ដី វចីកម្មក្ដី និងមនោកម្មក្ដី គឺប្រៀបដូចជាគ្រាប់ពូជដែលយើងបានសាបព្រោះ ហើយនឹងត្រូវដុះឡើងពេលណាល័ក្ខខ័ណ្ឌអំណោយផល។ ដូច្នេះអ្នកណាដាំពូជបែបណា អ្នកដឹងទទួលផលបែបនោះ។

ចុះតើយើងត្រូវធ្វើដូចម្ដេចទៅ ប្រសិនបើយើងបានធ្វើនូវអំពើអាក្រក់យ៉ាងច្រើនរួចហើយ? តើយើងអាចស្នើសុំព្រះពុទ្ធឲ្យព្រះអង្គអត់ឱនទោសដល់យើងបានដែរទេ?

ព្រះសម្មាសម្ពុទ្ធជាគ្រូរបស់យើង តែព្រះអង្គមិនមែនជាបុគ្គលដែលយើងត្រូវគោរពបួងសួងសូមនូវការអភ័យទោសនោះទេ។ ពុទ្ធសាសនិកមិនមានជំនឿទៅលើបុគ្គលខាងក្រៅណាមួយ ដែលយើងត្រូវតែសុំនូវការអត់ឱនទោស ឬគោរពបូជាដើម្បីឲ្យរួចចាកទុក្ខទោសនោះឡើយ។ ប្រសិនបើពុទ្ធសាសនិកសុំនូវការអភ័យទោស គឺមានតែសុំអភ័យទោសពីសំណាក់បុគ្គលដែលយើងបានធ្វើខុសចំពោះគាត់ ប៉ុន្តែមិនមែនអ្នកទីបី ឬអ្នកដទៃផ្សេងនោះទេ។ ប្រសិនបើយើងមិនអាចសុំនូវការអភ័យ ឬសុំធ្វើការកែប្រែខ្លួនពីអ្នកដែលយើងធ្វើខុសទេនោះយើងមានតែទុកឲ្យបញ្ហាទាំងនោះជាមោឃៈ ហើយព្យាយាមរៀនសូត្រពីមេរៀននេះ ព្រមទាំងសូមនូវអភ័យដោយខ្លួនឯង។

ព្រះសម្មាសម្ពុទ្ធទ្រង់បានបង្រៀនយើងថា យើងម្នាក់ៗត្រូវទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួន ហើយយើងម្នាក់ៗក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកំណត់ជោគវាសនារបស់ខ្លួនផងដែរ។ ដូច្នេះមុនពេលធ្វើនូវអំពើអាក្រក់ណាមួយ យើងគួរគប្បីពិចារណាដោយប្រុងប្រយ័ត្ន ហើយត្រូវព្យាយាមធ្វើតែអំពើល្អគ្រប់ពេលវេលាជំនួសវិញ។

ប្រសិនបើអ្នកមិនដឹងប្រាកដថា តើសកម្មភាពនោះអាក្រក់ឬល្អ អ្នកអាចអនុវត្តនូវរូបមន្តផ្គូផ្គងមួយ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងដូច្នេះថា ប្រសិនបើការងារនោះបៀតបៀនខ្លួនឯងផង និងប៉ះពាល់ដល់អ្នកដទៃផង ឬក៏ប៉ះពាល់ទាំងពីរភាគី ចូរកុំប្រព្រឹត្តធ្វើនូវអំពើបែបនោះ។ ប៉ុន្តែប្រសិនបើការងារទាំងឡាយណាដែលមិនមានផលប៉ះពាល់ដល់អ្នកណាទេ ចូរធ្វើនូវអំពើល្អនោះជារៀងរហូតទៅ។

ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ ៥០០០ឆ្នាំ


អត្ថបទទាក់ទង

សម្រង់សម្តី និងទស្សនចំនួន១០ឃ្លា អំពីសាសនាដែលអ្នកគួរស្វែងយល់

 

Leave a Reply

Your email address will not be published. Required fields are marked *