ព្រះរាជពិធីបុណ្យប្រណាំងទូក លយកន្ទោង នៅឆ្នាំ១៩០៥

តើអ្នកធ្លាប់បានឃើញ ព្រះរាជពិធីបុណ្យប្រណាំងទូក លយកន្ទោង នៅឆ្នាំ១៩០៥ ដែរឬទេ?

យោងតាមទំព័រហ្វេសប៊ុកឈ្មោះ បុរាណាចារ្យ បានលើកឡើងអំពីព្រះរាជពិធីបុណ្យប្រណាំងទូក លយកន្ទោង នៅឆ្នាំ១៩០៥ ជាសំណេរ អមជាមួយនឹងរូបភាពដូចខាងក្រោម៖

កងទ័ពជើងទឹកមានសារៈសំខាន់ណាស់ក្នុងសម័យបុរាណកាល ដោយសារល្បឿននៃការធ្វើដំណើរ និងភូមិសាស្ត្រនៃប្រទេសដែលសម្បូរដោយផ្លូវទឹកខ្វាត់ខ្វែងផងនោះ កងទ័ពជើងទឹក ជាញឹកញាប់ត្រូវបានឃើញមានប្រើប្រាស់ក្នុងការធ្វើសង្គ្រាមតាំងតែអំពីសម័យអង្គរមកដល់សម័យកណ្តាល។ ជាពិសេសនៅសម័យអង្គរ យើងសង្កេតឃើញមានចម្លាក់តាមជញ្ជាំងថែវខាងក្រៅនៃប្រាសាទ បាយ័ន្ត ក៏ដូចជាប្រាសាទបន្ទាយឆ្មា ដែលបង្ហាញពីជ័យជម្នះនៃកងទ័ពជើងទឹកខ្មែរ លើកងទ័ពជើងទឹកចាមក្នុងរជ្ជកាលដ៏ជាញជ័យនៃព្រះបាទជ័យវរ្ម័នទី៧។ លុះតមកដល់សម័យចតុមុខ និងលង្វែក កងទ័ពជើងទឹកក៏នៅតែមានសារៈសំខាន់ក្នុងការធ្វើសង្គ្រាមជានិច្ច។ ដោយនៅសម័យលង្វែកនេះ ព្រះបាទចន្ទរាជាបានត្រាស់បង្គាប់តែងតាំងអោយស្តេចត្រាញ់នៅដែនដីផ្នែកខាងក្រោម រៀបចំសមយុទ្ធដោយចែកកងទ័ពជើងទឹកជា៣ក្រុមមាន ទ័ពស្រួច (ហាត់ច្បាំងនឹងទូកអ៊ុំ) ទ័ពជំនួយ (ហាត់ច្បាំងនឹងទូកចែវ) និងទ័ពបាសាក់ (ជាទូកធំមានដំបូល ឥតជញ្ជាំងសម្រាប់ដាក់ស្បៀងកងទ័ព)។ ដោយកំណត់យកថ្ងៃណាមួយមកប្រលងឫទ្ធិគ្នាជារៀងរាល់ឆ្នាំ។ ដោយហេតុថាប្រទេសកម្ពុជានៅសម័យបុរាណមានកងទ័ពជើងទឹកដ៏ខ្លាំងក្លា និងមានការហ្វឹកហ្វឺនជារៀងរាល់ឆ្នាំ ដូចនេះហើយទើបពិធីសមយុទ្ធនេះបានក្លាយជាប្រពៃណី ជាប់តមករហូតដល់ក្លាយជាពិធីប្រណាំងទូករហូតដល់សព្វថ្ងៃនេះ។

រូបភាពខាងក្រោមនេះ ជារូបរបស់លោក Pierre Dieulefils អ្នកថតរូបជនជាតិបារាំងដ៏ល្បីល្បាញមួយរូបដែលបានមកធ្វើការក្នុងតំបន់ ឥណ្ឌូចិនរវាងដើមសតវត្សទី២០។ ក្រៅពីថតរូបលោកក៏ជាអ្នកបោះពុម្ភ Postcard ផងដែរ។ រូបថតដែលមានលក្ខណៈជា Postcard មានត្រាក្រហម និងមានលេខរៀង ដែលមានចែកចាយក្នុងបណ្តាញសង្គមភាគច្រើន គឺជាស្នាដៃរបស់គាត់។

ក្នុងរូបភាពនៅជ្រោយចង្វា យើងសង្កេតឃើញមានតួប៉មយាមមួយនៅខាងចុងរូបភាព។ ក្រៅពីនេះនៅតាមកន្ទុយទូកមានដោតទង់ជាតិ មួយបែបមានលក្ខណៈជាប្រាសាទកំពូល៥។


អត្ថបទទាក់ទង

 ស្វែងយល់ អំពីបុណ្យភ្ជុំបិណ្ឌ 

Leave a Reply

Your email address will not be published. Required fields are marked *