ដំណាក់កាលទាំង ៥ នៃវដ្តជីវិតអាជីវកម្ម (Business Life Cycle) ដែលអ្នកគ្រប់គ្រងត្រូវដឹង

អាជីវកម្ម គឺជាប្រព័ន្ធដែលមានលក្ខណៈជាស្ថាប័ន ឬជាប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលទំនិញ ឬសេវាកម្ម ត្រូវបានជួញដូរ។ ការជួញដូរនោះ អាចជាទម្រង់នៃការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក ឬជាការលក់ដូរ ជាទម្រង់សាច់ប្រាក់។

គ្រប់អាជីវកម្មទាំងអស់ គឺតម្រូវឲ្យមានការដាក់វិនិយោគទុន ហើយត្រូវតែមានអតិថិជនគ្រប់គ្រាន់ ដើម្បីឲ្យទំនិញដែលផលិតបាន អាចលក់ចេញបាន ដើម្បីរកប្រាក់ចំណូលត្រឡប់មកវិញ។

អាជីវកម្ម អាចមានទម្រង់ជាលក្ខណៈឯកជន ជាលក្ខណៈមិនរកប្រាក់ចំណេញ ឬជាលក្ខណៈដែលគ្រប់គ្រងដោយរដ្ឋ។​

រាប់ចាប់តំាងពីពេលដែលអ្នកសម្រចចិត្តយ៉ាងច្បាស់លាស់ថា អ្នកនឹងចាប់ផ្តើមអាជីវកម្មមួយ នោះមានន័យថា អ្នកកំពុងតែរៀបនឹងឈានជើងចូលទៅក្នុងដំណាក់កាលមួយនៃ វដ្តជីវិតអាជីវកម្ម”  (Business Life Cycle) ហើយ ។ ផ្តើមចេញពីដំណាក់កាលដែលអ្នកមានគំនិតអាជីវកម្មដែលស្ថិតនៅក្នុងរូបភាពជាក្តីស្រមៃនៅឡើយ រហូតដល់ការចាប់សូនឲ្យចេញជារូបរាង រួចក៏រីកលូតលាស់រហូតវិវឌ្ឍន៍ទៅជាអាជីវកម្មមួយ ដែលមានភាពនឹងនរ ហើយទទួលនូវភាពជោគជ័យបាន។

ពិតប្រាកដណាស់ អាជីវកម្មទាំងអស់ សុទ្ធសឹងតែមានហានិភ័យ សុទ្ធសឹងតែជួបប្រទះនូវបញ្ហាផ្សេងៗ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ទំរាំអាចក្លាយទៅជាអាជីវកម្មមួយ ដែលអាចចាត់ទុកថាជោគជ័យបាន។ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវតែចេះបត់បែន ក៏ដូចជាមានយុទ្ធសាស្ត្រនានា ត្រៀមដើម្បីយកឈ្នះនូវបញ្ហាដែលអាចប្រឈមនៅពេលឆ្លងកាត់ដំណាក់កាលនីមួយៗ។

តើវដ្តជីវិតអាជីវកម្ម​ (Business Life Cycle) គឺជាអ្វី?

វដ្តជីវិតអាជីវកម្ម គឺជាដំណាក់កាលនៃការវិវឌ្ឍន៍របស់អាជីវកម្មដែលផ្លាស់ប្តូរ ឬប្រែប្រួលទៅតាមពេលវេលា និងអាយុកាលនៃអាជីវកម្ម។

ជាទូទៅ វដ្តជីវិតអាជីវកម្ម ត្រូវបានបែងចែកចេញជា ៥ ដំណាក់កាលដូចជា៖

ដំណាក់កាលទី ១ ៖  Seed and Development

នេះគឺជាដំណាក់កាលដំបូងបង្អស់នៃវដ្តជីវិតអាជីវកម្ម ដែលអាជីវកម្មរបស់អ្នកមិនទាន់ចេញជារូបរាងទេ។ អ្នកមានគំនិតអាជីវកម្មដ៏ល្អមួយ ដែលអ្នកគិតចង់ចាប់ផ្តើមបង្កើត។ អ្វីដែលអ្នកគួរធ្វើបន្ទាប់ទៀតនោះ គឺជាស្វែងរកនូវមតិយោបល់ ក៏ដូចជាគំនិតពីក្រុមមនុស្សដែលអ្នកគិតថា អាចនឹងជាអតិថិជនគោលដៅរបស់អ្នក និងអ្នកដែលមានបទពិសោធន៍នៅក្នុងវិស័យមួយនេះស្រាប់។ ពេលខ្លះ គំនិតរបស់អ្នកល្អហើយ ប៉ុន្តែអ្វីដែលអ្នកត្រូវតែសិក្សាឲ្យបានច្បាស់បន្ថែមទៀតនោះ គឺជាតម្រូវការរបស់អតិថិជន។ សំណួរសួរថា តើដំណោះស្រាយ ឬផលិតផល ដែលអ្នកចង់ផ្តល់ជូនទៅកាន់អតិថិជននោះ គឺពិតជាអាចបំពេញតម្រូវការ ឬបញ្ហារបស់ពួកគេមែនឬទេ។ ហើយការដែលអ្នក គួរតែសាកសួរគំនិតពីអ្នកដែលមានបទពិសោធន៍នៅក្នុងវិស័យនេះ គឺដើម្បីឲ្យអ្នកដឹងថា តើគំនិតមួយនេះពិតជាអាចទៅរួចមែនឬក៏ទេ? តើអ្នកអាចនឹងប្រឈមនូវបញ្ហាអ្វីខ្លះ នៅពេលដែលដំណើរការអាជីវកម្មរបស់អ្នក? ដោយសារតែគាត់ធ្លាប់ប្រឡូកនៅក្នុងវិស័យនេះច្រើន ដូច្នេះបទពិសោធន៍ដែលគាត់ផ្តល់ជូនអ្នក គឺអាចជួយឲ្យអ្នកដឹងកាន់តែច្បាស់ជាងមុន ងាយស្រួលក្នុងការត្រៀមខ្លួនឲ្យបានល្អ។

គួរបញ្ជាក់ថា អាជីវកម្មមួយ អាចទទួលបាននូវភាពជោគជ័យ គឺបណ្តាលមកពីកត្តាជាច្រើនរួមផ្សំគ្នាដូចជា៖

  • កត្តាសមត្ថភាពរបស់អ្នកផ្ទាល់
  • គំនិតអាជីវកម្មដែលអ្នកមានការត្រៀមខ្លួនឲ្យបានរួចជាស្រេច មុនពេលឈានជើងចូលទៅប្រឡូកនៅក្នុងទីផ្សារ
  • ផែនការហិរញ្ញវត្ថុដែលចាំបាច់ដើម្បីដំណើរការ ក៏ដូចជាទ្រទ្រង់នូវអាជីវកម្ម
  • ធនធានមនុស្ស និងក្រុមការងារដែលប្រកបដោយសមត្ថភាព  ហើយមានចក្ខុវិស័យដូចគ្នា។

ដំណាក់កាលទី ២ ៖ Startup

បន្ទាប់ពីអ្នកត្រៀមខ្លួនរួចរាល់ហើយ ដំណាក់កាលបន្ទាប់មកទៀត គឺជាដំណាក់កាលដែលអ្នកចាប់ផ្តើមហើយ។ មនុស្សភាគច្រើន តែងតែគិតថា វាគឺជាដំណាក់កាលដែលប្រឈមនឹងហានិភ័យខ្ពស់បំផុត ក្នុងចំណោមដំណាក់កាលទាំងអស់នៃ “វដ្តជីវិតអាជីវកម្ម” ទាំងមូល។ បន្ថែមពីនេះ នៅក្នុងដំណាក់កាលនេះ គន្លឹះដ៏សំខាន់មួយដែលអាចជួយអ្នកឲ្យទទួលបាននូវភាពជោគជ័យនោះ គឺសមត្ថភាពនៃការសម្របខ្លួនឲ្យបានរហ័ស និងប្រកបដោយភាពឆ្លាតវៃ។ និយាយទៅ វាប្រៀបដូចជាអ្នកកំពុងតែធ្វើតេស្តសាកល្បងផលិតផល ឬសេវាកម្មដែលអ្នកបានបង្កើតជាមួយអតិថិជនដំបូងៗ ដើម្បីទទួលបាននូវមតិយោបល់ (Feedback) របស់ពួកគេដូច្នេះដែរ។ វាក៏អាចឈានដល់ចំណុចមួយ ដែលអ្នកត្រូវធ្វើការផ្លាស់ប្តូរជាច្រើន ដើម្បីធ្វើឲ្យប្រាកដថា អតិថិជនរបស់អ្នក ពេញចិត្តជាមួយនឹងផលិតផល ឬសេវាកម្មដែលអ្នកផ្តល់ជូន។

ដំណាក់កាលទី ៣ ៖ Growth and Establishment

មកដល់ដំណាក់កាលនេះ អាជីវកម្មរបស់អ្នក គឺអាចនឹងរកចំណូលបាន កំណើនអតិថិជនថ្មី ក៏មានអត្រាខ្ពស់។ លំហូរសាច់ប្រាក់ (Cash Flow) គួរតែចាប់ផ្តើមកើនឡើងដែលអាចទ្រទ្រង់ការចំណាយបានល្អប្រសើរជាងមុន ហើយអ្នកចាប់ផ្តើមសង្កេតឃើញនូវប្រាក់ចំណេញ ចាប់ផ្តើមកើនឡើង ដែលអាចនិយាយបានថា អាជីវកម្មក៏ចាប់ផ្តើមមានលំនឹងហើយ។ ជាទូទៅ នៅក្នុងដំណាក់កាលនេះ អ្វីដែលអ្នកគួរតែអនុវត្តន៍មានដូចជា ការគិតគូរពីការបំពេញតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា ក៏ដូចជាត្រៀមខ្លួនប្រឈមមុខនឹងដៃគូប្រកួតប្រជែង និងគិតគូរពីយុទ្ធសាស្រ្តថ្មីៗ ដើម្បីពង្រីកអាជីវកម្ម។

រឿងមួយទៀតដែលអ្នកចាំបាច់ត្រូវតែធ្វើនោះ គឺជាពង្រឹងបន្ថែមនូវសមត្ថភាពនៃក្រុមការងារដែលអ្នកកំពុងតែមាន និងស្វែងរកបន្ថែមនូវក្រុមការងារថ្មីៗ ដែលជំនាញ និងពូកែមកចូលរួមជាមួយ ក្នុងគោលបំណងត្រៀមខ្លួនឲ្យបានរួចជាស្រេច ដើម្បីឈានចូលដល់ដំណាក់កាលដ៏ចម្បងមួយទៀត។

ដំណាក់កាលទី ៤ ៖ Expansion

បន្ទាប់ពីក្រុមការងាររបស់អ្នក ក៏បានត្រៀមខ្លួនរួចរាល់ ហើយវត្តមាននៃអាជីវកម្មរបស់អ្នក ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យនោះដែរ។ នៅពេលដែលមានកេរ្តិ៍ឈ្មោះល្អ មានអ្នកស្គាល់ច្រើនហើយ នោះជំហានបន្ទាប់ គឺជាការពង្រីកនូវវិសាលភាពនៃអាជីវកម្ម ទៅលើវិស័យនានាមួយចំនួនទៀតហើយ។ ជាក់ស្តែង ដូចជាក្រុមហ៊ុន ជីប​ម៉ុង​(CHIP MONG) ដែលដំបូងឡើយ គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារៈសំណង់ បន្ទាប់មកទៀតពង្រីកខ្លួនទៅវិនិយោគលើវិស័យអចលនវត្ថុ ក៏ដូចជាការសាងសង់ តមកទៀតក៏មានធនាគារ ស្រាបៀរ ផ្សារទំនើប ជាដើម។

គួរបញ្ជាក់ថា នៅក្នុងការអាជីវកម្មជំហាននីមួយៗដែលអ្នកឈានទៅ សុទ្ធសឹងតែមានផលចំណេញ និងហានិភ័យនៅទន្ទឹមគ្នា។ ដូច្នេះហើយ មុននឹងធ្វើការសម្រេចចិត្តក្នុងការពង្រីកបន្ថែម អ្នកត្រូវពិចារណាឲ្យបានច្បាស់លាស់លើធនធាន និងលទ្ធភាពដែលអ្នកមាន និងសិក្សាឲ្យបានច្បាស់លាស់លើវិស័យដែលអ្នកចង់ពង្រីកនោះ។

ដំណាក់កាលទី ៥ ៖ Maturity and Possible Exit

បន្ទាប់ពីឆ្លងកាត់ដំណាក់កាលទី ៤ ដោយជោគជ័យហើយ អាជីវកម្មរបស់អ្នក ចាប់ផ្តើមទទួលបាននូវផលចំណេញដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលនេះ អ្នកអាចនឹងមានជម្រើសពីរនៅក្នុងការជ្រើសរើស៖

  • ទីមួយ ពង្រីកបន្ថែមនូវអាជីវកម្មរបស់អ្នកទៅមុខទៀត ឬ
  • ទីពីរ ចាកចេញពីអាជីវកម្ម (Exit the Business) ។  

ប្រសិនបើអ្នកសម្រេចចិត្តចង់បន្តពង្រីកបន្ថែមនូវអាជីវកម្មរបស់អ្នកបន្តទៀត អ្នកត្រូវតែពិចារណាទៅលើសំណួរទាំងនេះជាមុនសិន។ តើអាជីវកម្មរបស់អ្នកអាចនឹងជួបប្រទះនូវហានិភ័យអ្វីខ្លះ? តើឱកាសដែលសមប្រកបសម្រាប់ការពង្រីកខ្លួនរបស់អ្នកច្រើនប៉ុណ្ណាដែរ? តើអាជីវកម្មមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ទប់ទល់ ប្រសិនបើអាជីវកម្មនោះខាតដែរឬទេ?

ម្យ៉ាងវិញទៀត អ្នកក៏ត្រូវពិចារណាដែរថា តើអ្នកខ្លួនឯងផ្ទាល់ចង់ពង្រីកបន្ថែមទៀតឬអត់? ជាក់ស្តែង ក្រុមហ៊ុនធំៗជាច្រើន ជាពិសេសនៅបរទេស អាចនឹងធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំ ឬ នាយកប្រតិបត្តិ (CEO) នៅក្នុងដំណាក់នេះ ដោយផ្តល់ឱកាសឲ្យអ្នកថ្មីទទួលយកនូវទំនួលខុសត្រូវ និងបន្តពង្រីកក្រុមហ៊ុនជំនួសវិញ​។ ជាឧទាហរណ៍ដូចជាក្រុមហ៊ុន អាលីបាបា (Alibaba) ដែលមានលោក ជេក ម៉ា (Jack Ma) ជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនដែលបានកសាងក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិច  (E-commerce) លំដាប់ពិភពលោក ក៏បានធ្វើដូច្នេះ គឺដល់ពេលមួយដែលលោកគិតថា លោកពេញចិត្តជាមួយនឹងសមិទ្ធិផលដែលលោកទទួលបានហើយ លោកក៏ចង់សម្រាក ហើយផ្ទេរដំណែងរបស់លោកឲ្យអ្នកផ្សេងកាន់វិញ។

ជារួម បើទោះបីជាយ៉ាងនេះក្តី ក៏អាជីវកម្មទាំងអស់មិនដូចគ្នាទេ មានន័យថា មិនមែនអាជីវកម្មទាំងអស់ សុទ្ធសឹងតែត្រូវឆ្លងកាត់ដំណាក់កាលនីមួយៗតាមលំដាប់នោះទេ។ ជាក់ស្តែង អាជីកម្មមួយចំនួន គឺអាចទទួលបាននូវភាពជោគជ័យត្រឹមតែក្នុងរយៈពេលដ៏ខ្លីដែលនឹកស្មានមិនដល់។ ឯអាជីវកម្មខ្លះទៀត អាចនឹងត្រូវចំណាយពេលយូរទម្រាំតែទទួលបាននូវភាពជោគជ័យ។


អត្ថបទទាក់ទង

វិធីសាស្រ្តសំខាន់ៗក្នុងការវិភាគទីផ្សារសម្រាប់អាជីវកម្ម

Leave a Reply

Your email address will not be published. Required fields are marked *