
ជាទូទៅ អ្នកគ្រប់គ្រងទាំងអស់ សុទ្ធតែពាក់ព័ន្ធទៅនឹងការធ្វើសេចក្តីសម្រេចចិត្ត។ ប៉ុន្តែការធ្វើសេចក្តីសម្រេចចិត្តទាំងនោះ មានទម្រង់ និងប្រភេទផ្សេងៗគ្នា ដែលគេអាចចែកចេញជា ២ ផ្នែក៖
ការសម្រេចចិត្តតាមកម្មវិធីកំណត់ទុកមុន
វាគឺជាប្រភេទនៃការធ្វើសម្រេចចិត្តផ្អែកតាមរចនាសម្ព័ន្ធដែលបានកំណត់ទុកជាមុន ឬការសម្រេចចិត្តតាមសកម្មភាពដែលកើតឡើងជាដដែលៗក្នុងដំណើរប្រតិបត្តិការរបស់ស្ថាប័ន។ ឧទាហរណ៍ ដូចជានីតិវិធីនៃការទិញសម្ភារៈផ្គត់ផ្គង់ ស្តង់ដារប្រើប្រាស់វត្ថុធាតុដើមក្នុងផលិតកម្ម កម្មវិធីសិក្សាតាមឆមាស ឬឆ្នាំ គោលការណ៍ទូទាត់ប្រចាំខែ ។ល។ ដូចនេះ ការធ្វើសេចក្តីសម្រេចចិត្តប្រភេទនេះ តម្រូវឱ្យអ្នកគ្រប់គ្រងត្រូវកំណត់ផែនការអចិន្ត្រៃយ៍ (Standing Plan) សម្រាប់អនុវត្តជាប្រចាំក្នុងដំណើរការប្រតិបត្តិការរបស់ស្ថាប័ន ដែលអាចជានីតិវិធី បទដ្ឋាន គោលការណ៍ បទបញ្ជា និងទម្រង់បែបបទផ្សេងៗ។
អត្ថបទទាក់ទង៖ ហេតុផលសំខាន់ៗចំនួន ១០ ដែលបុគ្គលិកប្រើប្រាស់ការអែបអប
ការសម្រេចចិត្តតាមកម្មវិធីមិនបានកំណត់ទុកមុន
វាគឺជាប្រភេទនៃការធ្វើសម្រេចចិត្តដែលត្រូវឆ្លើយតបទៅនឹងបញ្ហា ឬឱកាសកើតមានឡើងក្នុងកាលៈទេសៈណាមួយដែលមិនបានព្រាងទុក។ ការធ្វើសេចក្តីសម្រេចប្រភេទនេះ គឺមិនមានកំណត់ជារចនាសម្ព័ន្ធ ឬជាគោលការណ៍ទុកជាមុនឡើយ ហើយតែងតែប្រឈមនឹងភាពមិនគ្រប់គ្រាន់នៃលក្ខណៈវិនិច្ឆ័យ។ ប្រភេទនៃការធ្វើសេចក្តីសម្រេចបែបនេះ អ្នកគ្រប់គ្រងត្រូវយកចិត្តទុកដាក់លើការបំពេញលក្ខខណ្ឌទាំងឡាយ ដូចជាពេលវេលា ធនធាន ព័ត៌មាន និងការខិតខំប្រឹងប្រែង ដើម្បីស្វែងយល់ពីស្ថានភាពនៃដំណើរការនីមួយៗនៃការធ្វើសេចក្តីសម្រេចចិត្ត។ ការធ្វើសេចក្តីសម្រេចចិត្តប្រភេទនេះ ភាគច្រើនតែងតែកើតមានឡើងចំពោះអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើសេចក្តីសម្រេចចិត្តលើការផ្លាស់ប្តូរយុទ្ធសាស្ត្រ កំណែទម្រង់រចនាសម្ព័ន្ធ ការផ្លាស់ប្តូរច្ចេកវិទ្យាថ្មីៗ ការវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរជាបន្ទាន់ឆ្លើយតបទៅនឹងសម្ពាធនៃបរិយាកាសខាងក្រៅ ។ល។ ការប្រើប្រាស់អព្ភន្តរញ្ញាណ និងបទពិសោធន៍ គឺជាគន្លឹះសំខាន់នៃការធ្វើសេចក្តីសម្រេចចិត្តដែលមិនបានគ្រោងទុកជាមុន។
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន

═━━━✥◈✥━━━═