
មានឆ្កែព្រៃមួយក្បាលដែលជាឆ្កែលោភលន់បំផុត បានស៊ីអ្វីក៏វាមិនចេះគ្រប់គ្រាន់ដែរ។ ថ្ងៃមួយ វាខំរិះរកមធ្យោបាយយ៉ាងណាដើម្បីឲ្យខ្លួនអាចស៊ីចៀមបានច្រើនជាទីបំផុត ទើបវាមកសំងំចាំឃ្លាំមើលចៀមមួយហ្វូងដែលមានទាំងមនុស្សទាំងឆ្កែនៅចាំឃ្វាលជាមួយគ្នា។
ឆ្កែព្រៃក៏បាននឹកឃើញផែនការដ៏ល្អមួយ គឺបន្លំខ្លួនធ្វើជាអ្នកឃ្វាលចៀម ដើម្បីបញ្ឆោតចៀមទាំងនោះយកមកស៊ីដល់ល្អាងរបស់ខ្លួនតែម្តង។គិតរួចហើយ វាក៏ទៅរកសម្លៀកបំពាក់មកស្លៀក រកខ្សៀមកបៀម និងរកឈើច្រត់មកកាន់ ហើយរង់ចាំឲ្យអ្នកឃ្វាលចៀម និងឆ្កែដេកលក់ នៅសល់តែពួកចៀមដើរស៊ីស្មៅដោយខ្លួនឯង ទើបវាចាប់ផ្តើមអនុវត្តតាមផែនការរបស់ខ្លួន។
ឆ្កែព្រៃ ស្រែហៅចៀមឲ្យដើរមករកខ្លួន ដោយព្យាយាមបន្លំធ្វើសំឡេងយ៉ាងណាឲ្យដូចទៅនឹងសំឡេងរបស់ម្ចាស់ចៀមមែនទែន។ ប៉ុន្តែ ឆ្កែព្រៃក៏នៅតែជាឆ្កែព្រៃដដែល។ សំឡេងដែលវាខំប្រឹងស្រែក បានត្រឹមតែជាសំឡេងចម្លែកមួយដែលរសាត់មកតាមខ្យល់ ហើយមិនត្រឹមតែមិនអាចហៅចៀមឲ្យដើរមករកខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក្លាយទៅជាសំឡេងដាស់រន្ថើនឲ្យអ្នកគង្វាលចៀម និងឆ្កែភ្ញាក់ទៅវិញ។
ពេលដឹងថាបែកការណ៍ដូច្នេះ ឆ្កែព្រៃក៏ប្រញាប់រត់យករួចខ្លួន ប៉ុន្តែវាមិនអាចគេចផុតពីល្បឿនរបស់ឆ្កែប្រដេញ និងដំបងរបស់អ្នកគង្វាលចៀមដែលពុះពោរដោយកំហឹងនោះឡើយ។
ការព្យាយាមធ្វើអ្វីដែលមិនមែនជាធាតុពិតរបស់ខ្លួន តែងតែធ្វើឱ្យការងារបរាជ័យជាប្រចាំ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
