បាក់ គឺជាទន្សាយមួយដ៏ឆោតល្ងង់ ហើយចូលចិត្តឡេះឡោះណាស់។ វាកំសាកណាស់សូម្បីតែរឿងអ្វីបន្តិចបន្តួចក៏ខ្លាចដែរ។ ថ្ងៃមួយ បាក់ បានទៅដេកនៅក្រោមដើមដូងមួយ។ ពេលបាក់ដេកលង់លក់វាបានសុបិនឃើញរឿងអាក្រក់មួយ។ វាយល់សប្តិឃើញថា ផែនដីទាំងមូលកំពុងតែប្រេះបែក។
នៅពេលនេះស្វាកំហូចមួយចំនួនកំពុងតែលេងនៅលើចុងដូង ដែលបាក់កំពុងតែដេកពីក្រោម។ ស្វាទាំងនោះ កំពុងលោតជើងមួយជើងពីរនៅលើដើមឈើនេះ។ រំពេចនោះ ស្រាប់តែមានសម្លេងធ្លាក់ឮសូរក្តុក។ នោះគឺសំលេងធ្លាក់ផ្លែដូងដ៏ធំមួយមកលើដីក្បែរកន្លែងបាក់កំពុងតែដេក។
បាក់បានភ្ញាក់ឡើងព្រោះសំលេងធ្លាក់យ៉ាងខ្លាំងនេះ ហើយវាក៏ងើបអង្គុយខំផ្ទៀងស្តាប់ដោយបះត្រចៀកឡើងច្រូង។ វាឆ្ងល់ក្នុងចិត្តថា “តើនេះជាសម្លេងហីហ្នឹង?” បន្តិចក្រោយមកក៏មានផ្លែដូងមួយទៀតធ្លាក់មកក្បែរខ្នងវាតែម្តង ធ្វើអោយដីញ័ររំញ្ជួយ។ បាក់ មិនបានងាកក្រោយមើលទាល់តែសោះ ហើយក៏ខំស្រែកថា “អូ!អូ!អូ! តិចលោផែនដីកំពុងតែប្រេះបែកទៅហ្ន។ សុបិនរបស់ខ្ញុំហាក់បីដូចជាឆុតណាស់!”
គិតឃើញដល់រឿងនេះ បាក់ស្ទុះក្រោកឡើង ហើយឆក់យកមួកវែងរបស់វាខំរត់ទៅយ៉ាងលឿនដោយនិយាយតិចៗបណ្តើរថា “អូ!អូ!អូ!” នៅពេលនោះមានទន្សាយមួយទៀតមានឈ្មោះថាហ្វាហ្វី 🐰 វាកំពុងពាក់វ៉ែនតាដេកហាលថ្ងៃនៅលើអង្រឹងរបស់យ៉ាងសប្បាយរីករាយ។ ហ្វាហ្វីបានឃើញបាក់កំពុងតែរត់ហាក់ដូចជាមានសត្វឆ្កែកំពុងតែដេញតាមចាប់វាអញ្ចឹង។
នៅពេលបាក់រត់កាត់ ហ្វាហ្វីស្រែកសួរទៅបាក់ថា “បាក់! ម៉េចក៏រត់លឿនម្លេះ?” បាក់តបដោយដង្ហក់ថា «កុំសួរខ្ញុំ» ហើយចេះតែរត់ទៅទៀត។ ហ្វាហ្វីមានសេចក្តីងឿងឆ្ងល់កាន់តែខ្លាំង ហើយក៏ចេះតែរត់តាមបាក់ដែរដោយសារ ហ្វាហ្វីចង់ដឹងថាមានរឿងអ្វីកើតឡើង។ បាក់និយាយថា “ឯងមិនដឹងទេឬ? ផែនដីនេះកំពុងតែប្រេះបែកហើយ។”
ឮបែបនេះ ហ្វាហ្វីភ័យឡើងស្លេកស្លាំ។ វាបោះវ៉ែនតាចោលហើយរត់តាមបាក់។ ទន្សាយបន្តបន្ទាប់ទៀតនាំគ្នារត់តាម ហ្វាហ្វី និងបាក់ បន្ទាប់ពីពួកគេបានឭថាផែនដីទាំងមូលកំពុងតែប្រេះបែក។ រឿងនេះបានធ្វើអោយមានសត្វទន្សាយមួយហើយមួយទៀតរត់បន្តតាមពួកគេទាំងពីររហូតមានទន្សាយដល់ទៅរាប់រយរត់ពីក្រោយ។
ខណៈពេលដែលមានទន្សាយរាប់រយកំពុងតែរត់ ពួកវាបានជួបនឹងសត្វក្តាន់មួយកំពុង់ស៊ីស្មៅនៅវាលមួយ។ នៅពេលដែលសត្វក្តាន់ងើបក្បាល់របស់វាឡើង ដើម្បីឲដឹងថាមានរឿងអ្វីកើតឡើងនោះ សត្វទន្សាយនាំគ្នាស្រែកព្រមៗគ្នា។ ក្តាន់ស្តាប់មិនបាន ព្រោះសត្វទន្សាយទាំងអស់នាំគ្នាស្រែកព្រមគ្នា។ ក្តាន់ភ័យស្លន់ស្លោ ហើយក៏រត់តាមទន្សាយទាំងអស់នោះដែរ។
សត្វចចក បានឃើញហ្វូងសត្វទាំងនេះរត់។ បាក់គឺជាអ្នកនាំមុខហ្វូងរត់មារ៉ាតុងនេះ ហើយវាចេះតែស្រែកថា «អូ!អូ!អូ!» ពេលចចកសួរ បាក់ពីមូលហេតុ បាកនិយាយថា «ឯងពិតជាមិនដឹងទេឬ ផែនដីទាំងមូលកំពុងតែប្រេះបែក ហើយឈានដល់ទីបញ្ចប់ហើយ។ បើឯងចង់រស់រត់តាមពួកយើងមក។» ចចកក៏រត់តាមពួកសត្វទាំងនោះដែរ។
រត់យូរទៅស្រាប់តែមានដំរីមួយមកចូលរួមនឹងពួកគេដែរ ហើយអ្នករត់បន្ទាប់ទៀត គឺជាសត្វរមៀស។ សត្វក្ងោក ដែលកំពុងតែរាំនៅក្នុងព្រៃបានឃើញហ្វូងសត្វទាំងនេះរត់និងស្រែកព្រមគ្នាថា ផែនដីដល់ទីបញ្ចប់ហើយ! ហើយសត្វក្ងោកក៏ចូលរួមក្នុងការរត់មារ៉ាតុងនេះដែរ។
សត្វទាំងអស់នេះបានរត់កាត់ជម្រករបស់សត្វតោ ហើយស្រែកឡើងព្រមៗគ្នាថា «ពិភពលោកទាំងមូល កំពុងតែដល់ទីបញ្ចប់ហើយ! រត់ភ្លាមទៅដើម្បីរួចជីវិត។» សត្វតោចេញពីជម្រករបស់វាមកមានសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញសត្វទាំងអស់នោះនាំគ្នារត់ដោយមានទឹកមុខតក់ស្លុតក្រៃលែងបែបនេះ។
សត្វតោគិតថា “អញឆ្ងល់ណាស់ថាតើសត្វទាំងនេះនាំគ្នាធ្វើអ្វី? ប្រាកដជាមានអ្វីខុសពីប្រក្រតីមិនខានទេ ឬមួយប្រាកដជាមានពាក្យចចាមរ៉ាមណាមួយហើយមើលទៅ។» គិតហើយវាក៏រត់ទៅជើងភ្នំចំពីមុខសត្វទាំងឡាយ ដែលកំពុងរត់នោះតែម្តងហើយក៏គ្រហឹមបីដង។ ពេលឭសម្លេងស្តេចតោនេះ ហ្វូងសត្វទាំងនោះក៏ឈប់ភ្លាមតែម្តង។ តោបានសួរថា «ហេតុអ្វីក៏នាំគ្នារត់លឿនម្លេះ?» សត្វទាំងនោះឆ្លើយថា «ស្តេចតោអើយផែនដីនេះកំពុងតែប្រេះបែកហើយ។”
តោបានសួរថា “អ្នកណាជាអ្នកឃើញផែនដីប្រេះបែក?”
ដំរីឆ្លើយថា “ខ្ញុំមិនដឹងទេសួរបងចចកទៅគាត់ជាអ្នកប្រាប់រឿងនេះដល់ខ្ញុំ។”
ចចកឆ្លើយថា “ខ្ញុំមិនដឹងទេសួរបងក្តាន់ទៅ គាត់ជាអ្នកប្រាប់ខ្ញុំ។”
ហើយនៅពេលដែលតោសួរទៅក្តាន់ៗក៏ឆ្លើយថាគឺសត្វទន្សាយ។
ទន្សាយចង្អុលតៗគ្នាដោយនិយាយថា “ខ្ញុំមិនបានឃើញព្រឹត្តិការណ៍នេះទេ ប៉ុន្តែទន្សាយមួយផ្សេងទៀតជាអ្នកប្រាប់ខ្ញុំ។”
នៅទីបំផុត ស្តេចតោក៏បានសួរទៅបាក់។ បាក់ខំប្រមូលសេចក្តីក្លាហានឡើង ហើយបានដើរសំដៅទៅស្តេចតោដោយនិយាយថា “លោកម្ចាស់! ពេលខ្ញុំកំពុងដេកនៅក្រោមដើមដូង ខ្ញុំសុបិន្តថាផែនដីនេះកំពុងតែប្រេះបែក នៅពេលខ្ញុំឭសម្លេងក្តុក ហើយកន្លែងដែលនៅជុំវិញខ្ញុំបានញ័ររញ្ជួយ។ ខ្ញុំគិតថាផែនដីកំពុងតែប្រេះបែកហើយៗ ក៏រត់តែម្តង។”
ស្តេចតោនិយាយថា “ឯងនិងយើងត្រូវត្រឡប់ទៅកន្លែងដែលផែនដីចាប់ផ្តើបប្រេះបែក ដើម្បីឲដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដ។”
រួចហើយស្តេចតោក៏ឲបាក់លើងជិះលើខ្នងរបស់វា ហើយក៏ចេញទៅយ៉ាងលឿនដូចព្យុះ។ ក្នុងពេលនោះសត្វដ៏ទៃទៀតរង់ចាំពួកគេទាំងពីរនាក់នៅជើងភ្នំ។
នៅពេលស្តេចតោ និងបាក់ទៅដល់កន្លែងដែលបាក់ដេក ស្តេចតោដើរជុំវិញកន្លែងនោះហើយឃើញផ្លែដូងធំៗពីរនៅទីនោះ។ ស្តេចតោបានងាកមើលទៅចុងដូងឃើញស្វាពីរ កំពុងមើលមកកាន់ពួកគេទាំងពីរនាក់។ មិនយូរប៉ុន្មានស្តេចតោដ៏ឆ្លាតវៃនេះក៏បានយល់ពីហេតុការណ៍នោះទាំងមូល។
ស្តេចតោបាននិយាយទៅកាន់បាក់ថា “ហេតុអី្វក៏ឯងភ្លើបែបនេះ! សម្លេងដែលឯងបានឭនេះជាសម្លេងផ្លែដូងធ្លាក់មកលើដីទេតើ! ហើយផែនដីដែលញ័រក៏ព្រោះតែផ្លែដូងទាំងពីរនេះធ្លាក់មកលើដីនេះឯង!!!”
ក្រោយមក ស្តេចតោ បានត្រឡប់ទៅរកសត្វដទៃទៀត ហើយប្រាប់ពួកគេអំពីហេតុការណ៍ដែលបានកើតឡើងពិតប្រាកដ។ សត្វទាំងអស់ នាំគ្នាអស់សំណើចនឹងភាពល្ងង់ខ្លៅគ្មានចេះពិចារណារបស់ខ្លួន ហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។
━━━✥◈✥━━━
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

