
រឿង លា និង ឆ្កែ ជារឿងមួយដែលដកស្រង់ពីល្បើកឡាហ្វុងតែន (Les Fables de Jean de La Fontaine) ប្រែពីភាសាបារាំង ដោយលោក ផេង ជ្រីវ (ទស្សនាវដ្តីកម្ពុជសុរិយា ១៩៦៤) ដែលមានតំណាលដូចតទៅ៖
ថ្ងៃមួយ បុរសម្នាក់បណ្ដើរលានឹងឆ្កែទៅក្នុងព្រៃ ។ ដល់ទីដំណាក់ ម្ចាស់វាឈប់ក្រោមឈើមួយដើម ហើយដេកលក់ទៅ ៗ ។ លាគិតតែស៊ីស្មៅខ្ចីលាស់ល្អនៅទីវាលមួយ ។ ក្នុងពេលនោះ ឆ្កែឃ្លានបាយពេកទើបអង្វរលាថា ៖ អាណិតគ្នាទៅ អាសំឡាញ់ ចូរឯងបន្ទាបខ្លួនមក អញនឹងបាយក្នុងកញ្ជើបបន្តិចស៊ី ដ្បិតអញឃ្លានណាស់ ។ លានៅស្ងៀមគ្មានឆ្លើយមួយម៉ាត់សោះ ខ្លាចខាតពេលស៊ីស្មៅ ឆ្កែអង្វរយូរណាស់ទើបលាឆ្លើយថាៈ អាសំឡាញ់ ! អញប្រាប់អាឯងឲ្យដឹង ចាំម្ចាស់ក្រោកឡើងពីសម្រាន្តសិន លុះលោកក្រោកឡើង ចំណែកអាឯងគង់តែមានទេ កុំភ័យឡើយ ។ ឱកាសនោះ ទទួលមានចចកចេញពីព្រៃមក ដេញខាំលាភ្លាម លាស្រែកហៅឆ្កែឲ្យជួយ ឆ្កែមិនកំរើកសោះ ឈរតែមើលធ្វើព្រងើយ ហើយស្រែកប្រាប់ទៅលាថាៈ អាសំឡាញ់ ! អញប្រាប់ឲ្យអាឯងខំរត់លឿនសិន ចាំម្ចាស់យើងក្រោកឡើង លោកមិនចេះបង្អែបង្អង់ទេ ខំផាយរត់ឲ្យលឿន បើចចកតាមទាន់ ធាក់បំបែកមាត់វាមួយជើងទៅ ព្រោះគេទើបនឹងដាក់ដែកឲ្យថ្មី ៗ បើអាសំឡាញ់ជឿតាមអញចូរឯងធាក់វាឲ្យដួលលមើល ។ ឆ្កែកំពុងតែនិយាយ ចចកហែកលាស៊ីរលីង ។
គំនិតអប់រំ៖ ត្រូវជួយគ្នាទៅវិញទៅមក នេះហើយជាច្បាប់លោកនៅលើផែនដី។
សុភាសិតខ្មែរ៖ សងសឹក ជាការកំឡៅ