លើសពីព្រេងនិទាន ថែមទាំងជាមេរៀនសម្រាប់យើងយកមកស្វែងយល់ពីអត្ថន័យដ៏សែនជ្រាលជ្រៅ ដែលគេបានប្រៀបប្រដូចទៅនឹងសង្គមមនុស្សបច្ចុប្បន្ន ដើម្បីជាបច្ច័យកែប្រែថ្ងៃថ្មីនាពេលខាងមុខបន្ទាប់ពីអាននូវសាច់រឿងមួយនេះ។
មានបុគ្គលជោគជ័យជាច្រើន ដែលគេតែងលើកយករឿងរ៉ាវទូលថ្មរបស់ សុីសុីហ្វឺស (Sisyphus) មកនិយាយ ក្នុងគោលបំណងដើម្បីបណ្តុះផ្នត់គំនិតរបស់មនុស្សឲ្យប្រសើរជាងមុន ដូចក្នុងរូបអ្នកច្បាស់ជាធ្លាប់ឃើញនៅកន្លែងណាមួយ។
ចង់ដឹងរឿងរ៉ាវយ៉ាងណា តស់មកតាមដានទាំងអស់គ្នា៖
កាលដើមឡើយនាទឹកដីនៃនគរ សុីសាលី (Thessaly) មានស្តេចមួយអង្គព្រនាមថា អុីអូឡឺស (Aeolus) ទ្រង់បានរៀបអភិសេកជាមួយព្រះនាងមួយអង្គព្រះនាម អុីណារីទី (Enarete) បង្កើតបានបុត្រាដំបូងពីរអង្គ ដែលបុត្រច្បងនាម សុីសុីហ្វឺស (Sisyphus) និងអនុជ សាលមុននឺស (Salmoneus)។
លុះបុត្រទាំងពីរចម្រើនវ័យធំពេញរូបពេញរាងឡើង ដោយមានការប្រមើលមើលពីបិតាឃើញថាបុត្រអនុជ សាលមុននឺស (Salmoneus) មានទសពិធរាជធម៌ល្អជាងព្រះរាមយ៉ាងខ្លាំង ទើបបណ្តាលឲ្យ អុីអូឡឺស (Aeolus) ដែលជាបិតាបានសម្រេចចិន្តាត្រាសបង្គាប់នាំយកព្រះរាជសារការតែងតាំងបុត្រា សាលមុននឺស (Salmoneus) ឲ្យទៅគ្រងរាជនៅដែនសីម៉ាមួយដែលមានឈ្មោះថា អ៊ែលីស (Elis) ដែលជារដ្ឋធំមួយស្ថិតនៅភាគខាងលិចក្រិក និងតែងតាំង សុីសុីហ្វឺស (Sisyphus) ជាឧបរាជនៅទីនោះ។ ដោយហេតុនេះហើយទើបបណ្តាលឲ្យ សុីសុីហ្វឺស (Sisyphus) កើតសេចក្តីក្រោធខឹងក្នុងហឬទ័យឥតឧបមាចំពោះបិតា និងអនុជ ដែលហាក់បានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើខ្លួន។
កន្លងផុតទៅជាច្រើនឆ្នាំ សុីសុីហ្វឺស (Sisyphus) តែងចាំក្នុងចិត្តនូវគំនុំជីវិតហាក់គ្មានក្តីសុខឡើយ ព្រោះតែចង់សងសឹកបកទៅកាន់ Salmoneus ដែលបានដណ្តើមរាជខ្លួន។ គេបានធ្វើដំណើរតាមផ្លូវទឹកទៅកាន់ដែនកោះមួយមានឈ្មោះថា ដែលហ្វី (Delphi) ដែលទីនោះមានលោកយាយបញ្ចូលរូបម្នាក់រហ្សនាម ឌិ អូរ៉េខល (The Oracle) មានសមត្ថភាពទស្សទាយដឹងពីវាសនាអនាគត និងវិធីសាស្រ្តដោះស្រាយបញ្ហាផ្សេងៗបាន។
ទៅដល់ភ្លាម សុីសុីហ្វឺស (Sisyphus) ចិត្តខ្មៅបានរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងឲ្យលោកយាយបានស្តាប់ ដើម្បីបានជាយោបល់ពីលោកយាយមកវិញ ទុកគ្រាន់ធ្វើជាផ្លូវឆ្ពោះទៅកាន់គោលដៅខ្លួនដោយគេសួរថា៖ “តើឲ្យខ្ញុំធ្វើយ៉ាងដូចម្តេងទើបអាចសម្លាប់ សាលមុននឺស (Salmoneus) ដោយមិនជាប់ទុក្ខទោសកម្មពារវេរា!?”
អត្ថបទទាក់ទង៖ មេរៀនដែលយើងអាចរៀនពីសត្វទីទុយត្រី Blakiston
លោកយាយក៏បានឆ្លើយយ៉ាងខ្លីថា៖ “ចាំបាច់ត្រូវរៀបការជាមួយបុត្ររបស់ស្តេចអង្គនោះ លុះបុត្រទ្រង់ធំឡើងគេនឹងសងសឹកជំនួសទ្រង់ហើយ។”
ក្រោយបានពាក្យណែនាំទាំងនោះហើយ សុីសុីហ្វឺស (Sisyphus) ក៏បានត្រឡប់កាយមកកាន់ដែនដីខ្លួនវិញ ដោយលើកនេះហាក់ធ្វើជាល្អចេះទ្រាំទ្រយកចិត្តស្តេច សាលមុននឺស (Salmoneus) ដើម្បីសុំក្មួយស្រីធ្វើជាប្រពន្ធ គឺព្រះនាង ថាយរ៉ូ (Tyro) ត្រូវជាបុត្រីរបស់អនុជមកធ្វើជាគូ។ អ្នកទាំងពីរ ក៏បានរួមរស់ជាគូរវាងអ៊ុំ និងក្មួយ។ ក្រោយអាពាហ៍ពិពាហ៍មួយបានធ្វើឡើង មិនយូរប៉ុន្មាន ថាយរ៉ូ (Tyro) ក៏មានគភ៌បង្កើតបានបុត្រាពីរអង្គ ពិតតាមតម្រាលោកយាយបានទាយ។
កំណើតបុត្រទាំងពីរកើតមកហាក់ប្លែកខុសពីក្មេងធម្មតា យប់ថ្ងៃយំរំខាន ធ្វើព្រះនាងផ្ទុំមិនបាន សោយសព្វមិនមានឱជារស ទើបបណ្តាលឲ្យកើតចិត្តសង្ស័យ ក៏បានអញ្ជើញគ្រូហោរមកទាយពីវាសនាជោគជាតារបស់ក្មេងទាំងពីរយ៉ាងសម្ងាត់។
បន្ទាប់ពីគូរគងបានមួយសន្ទុះពីសំណាក់គ្រូហោរ ជាចម្លើយបានផ្តល់ឲ្យព្រះនាងថា បុត្រាទាំងពីរអង្គ ទ្រង់កើតមកគឺដើម្បីតែសម្លាប់បិតា សាលមុននឺស (Salmoneus) របស់ព្រះនាងប៉ុណ្ណោះ ឮហើយព្រះនាង ថាយរ៉ូ (Tyro) ធ្លាក់ថ្លើមក្តុកទាំងទឹកមុខស្លុតចិត្តក្រោយពីបានស្តាប់ពាក្យទំនាយ។
អស់កាលមួយយប់ដែលព្រះនាងនៅមិនសុខព្រោះពាក្យទំនាយ ក៏បានស៉ើបសួររឿងរ៉ាវដែលពាក់ព័ន្ធនឹងបិតា ទើបមានអារម្មណ៍ថា សុីសុីហ្វឺស (Sisyphus) ដែលជាស្វាមីមិនគប្បីអ្វីទៅជាធ្វើល្អប្លែក បើតាមសន្តានទ្រង់គុំស្អប់តែបុគ្គលណាហើយ គឺមិនបណ្តាលឲ្យម្នាក់នោះរួចខ្លួនទេ ប៉ុន្តែចម្លែកអ្វីទៅជាធ្វើល្អដាក់បិតាខ្លួនទៅវិញ។
ក្រោយតាមដានរឿងរ៉ាវមួយរយៈទើបដឹងថា សុីសុីហ្វឺស (Sisyphus) ធ្លាប់ទៅជួប ឌិ អូរ៉េខល (The Oracle) ដើម្បីរៀបគម្រោងសម្លាប់បិតាខ្លួនតាមរយៈេក្មងទាំងពីរនោះ។ ថាយរ៉ូ (Tyro) ដើម្បីជួយបិតាកុំឲ្យជួបគ្រោះ ព្រះនាងក៏បានសម្លាប់បុត្រាទាំងពីរអង្គចោលភ្លាមតែម្តង ទាំងដែលគ្នាមិនដឹងរឿងអ្វីសោះ។
ក្រោយមក សុីសុីហ្វឺស (Sisyphus) ក៏ត្រូវបាននិរទេសទៅកាន់តំបន់ភាគខាងកើតជាប់សមុទ្រវិញ ដែលសម្បូរទៅដោយគ្រោះធម្មជាតិ មានដូចជាខ្យល់ព្យុះ រញ្ជួយដី ទឹកជំនន់ និងបន្ទុះភ្នំភ្លើងជាដើម ដែលគេប្រសិទ្ធនាមឲ្យដែនដីនោះថា អេហ្វីរ៉ា (Ephyra)។
ចាប់តាំងពីពេលនោះមក សុីសុីហ្វឺស (Sisyphus) ត្រូវបានស្គាល់ថាជាមនុស្សសាហាវឃោឃៅ ឈាមត្រជាក់ ប្រកបដោយកិត្តិវាងវៃបំផុត មិនគួររាប់រក។
ការក្លែងបន្លំអំពីការស្លាប់
កំណើតជាមនុស្សមានប្រាជ្ញាឈ្លាសវៃ សុីសុីហ្វឺស (Sisyphus) បានប្រែក្លាយទឹកដីនេះទៅជានគរថ្មីមួយដែលមានឈ្មោះថា កូរីន (Corinth) ដែលបច្ចុប្បន្នជាខេត្តមួយរបស់ក្រិក។
សុីសុីហ្វឺស (Sisyphus) ត្រូវបានលើកគ្រងជាស្តេចដ៏មានឥទ្ធិពលមួយរូបនាសម័យកាលនោះ ដោយកាន់របបកុម្មុយនិស្តផ្តាច់ការបំផុតចំពោះប្រជាជនកូរីន។ ក្រោយមក ស្តេចអង្គនេះបានចាប់ផ្តើមបើកចំណងការទូតរកសុីជាមួយនគរជិតខាង។
រឿងដែលគួរឲ្យហួសចិត្តបំផុតនោះ គឺគ្រប់បណ្តាលពាណិជ្ជករទាំងអស់ដែលចង់មកធ្វើជំនួញដោះដូរជាមួយ សុីសុីហ្វឺស (Sisyphus) តែងត្រូវបានស្តេចអង្គនេះសម្លាប់ចោលទម្លាក់ចូលក្នុងទឹកសឹងគ្មានមួយរូបណារួចខ្លួនឡើយ ដើម្បីប្កន់យកនូវរបស់ទ្រព្យដែលពួកគេទាំងនោះយកមកដោយមិនចាំបាច់ដោះដូរ។
ទង្វើបែបនេះហើយ ទើបបណ្តាលឲ្យមហាទេព ហ៊្សូស (Zeus) កើតសេចក្តីក្រោធខឹងយ៉ាងខ្លាំងចំពោះ សុីសុីហ្វឺស (Sisyphus) រហូតបង្ករជាគ្រោះ ភ្លៀងព្យុះ ផ្គររន្ទះ រញ្ជួយអស់ដែនធរណី ប៉ុន្តែ សុីសុីហ្វឺស (Sisyphus) ហាក់ដូចជាមិនខ្វល់បន្តិចសោះឡើយ។
ថ្ងៃមួយ នាដងទន្លេក្បែរកោះមួយមានឈ្មោះថា អាត់ទីកា (Attica) មានទេពអប្សរគង្គាមួយអង្គព្រះនាង អុីជីណា (Aegina) បានផុសចេញពីក្នុងទឹកមកក្រសាលលេងលើលោកកានាដែនកោះនោះ។ ស្របពេលដែល ហ៊្សូស (Zeus) កំពុងតែហោះឆ្វែលគយគន់មើលឋានមនុស្សក្នុងបែបបទជាសត្វឥន្រ្តីផងនោះ ទ្រង់ក៏បានប្រទះឃើញទេពអប្សរគង្គា អុីជីណា (Aegina) ភ្លាមតែម្តង។
ដោយសម្រស់របស់ព្រះនាងស្រស់ខុសពីមនុស្សម្នាធម្មតា សេចក្តីតណ្តាក៏បានកើតឡើងចំពោះ ហ៊្សូស (Zeus) ភ្លាមនោះទ្រង់បានទម្លាក់ស្លាបចុះ ហក់ទៅចាប់ព្រះនាង អុីជីណា (Aegina) ចូលក្នុងក្រញាំដ៏សែនធំ រួចក៏ហោះឡើងលើបាត់ទៅ។
ក្នុងដំណើរលបចាប់កូនក្រមុំគេនោះឥន្រ្តីហ៊្សូស (Zeus) ត្រូវបានឃើញដោយ សុីសុីហ្វឺស (Sisyphus) ដែលកាលនោះស្តេចអង្គនេះកំពុងឈរមើលក្នុងរាជដំណាក់ពីទីខ្ពស់ រំសាយអារម្មណ៍ទៅដែនកោះអាត់ទីកា (Attica) ស្រាប់តែបានឃើញហេតុការណ៍នោះតែម្តង។
ដំណឹងបាត់កូនស្រី ក៏ត្រូវបានប្រកាសឡើង មហាទេពគង្គា អាសូពុស (Asopus) ហែលជ្រែកទឹកឆ្លេឆ្លាដើររកកូនគ្រប់ទិសទីនៅតែមិនឃើញ រហូតមកដល់នគរកូរីន (Corinth) ទៅជួបជាមួយ សុីសុីហ្វឺស (Sisyphus) ហើយសួរថាតើមានឃើញកូនស្រីគេដែរឬទេ។
សុីសុីហ្វឺស (Sisyphus) ហាក់មានចិត្តមេត្តា ក៏បានឆ្លើយថា៖ “ខ្ញុំបានឃើញសត្វឥន្ត្រីធំមួយចាប់នាងហោះទៅលើមេឃបាត់ហើយ។” គ្រាន់តែស្តាប់សេចក្តីចប់ អាសូពុស (Asopus) កាត់យល់ថាជា ហ៊្សូស (Zeus) ក៏ប្រែខ្លួនហោះទៅរកនៅឋានសួគ៌ភ្លាមតែម្តង។
ក្រោយពីបានជួប ហ៊្សូស (Zeus) អាសូពុស (Asopus) បានស្នើសុំកូនស្រីមកវិញ ប៉ុន្តែមហាទេពយើងមិនព្រម ព្រោះតែនាងស្អាតដែរ អ្នកណាទៅឲ្យដោយងាយនោះ ចាប់បានមកប៉ុណ្ណេះហើយ។
ព្រោះតែពាក្យបដិសេដរបស់មហាទេព ហ៊្សូស (Zeus) ទើបបណ្តាលឲ្យ អាសូពុស (Asopus) ខឹង ក៏ត្រឡប់ខ្លួនចុះ បង្កើតរលកព្យុះ កម្ទេចទីឋានមនុស្សនៅពីក្រោមភ្នំ អូឡាំពឺស (Olympus) ភ្លាមតែម្តង ធ្វើឲ្យមនុស្សម្នាស្លាប់រាប់ពាន់តែមួយប្រព្រិចភ្នែក។
ទង្វើនេះ ជាការព្រហើនចំពោះមហាទេពគ្រប់គ្រងឋានទាំងបី ហ៊្សូស (Zeus) ក៏បានហោះដកខ្លួនឡើង ជប់រន្ទះមេឃាមកក្នុងដៃ ហើយគប់ទៅកាន់ អាសូពុស (Asopus) យ៉ាងដំណំលាន់ស្នូរតូងតាំងដូចបរិមាណូ ហើយពេលនោះ អាសូពុស (Asopus) ក៏បានដកខ្លួនទៅកាន់ទីឋានដើមវិញ។
កំហុសនេះបានធ្លាក់ទៅលើ សុីសុីហ្វឺស (Sisyphus) ព្រោះតែភាពមានះហ៊ានប្រាប់រឿងរ៉ាវអាថ៍កំបាំងរបស់ ហ៊្សូស (Zeus) ទើបបង្ករជាគ្រោះឲ្យប្រជាជនទ្រង់ស្លាប់ទាំងគ្មានកំហុស ភ្លាមនោះ ហ៊្សូស (Zeus) បានបញ្ជាឲ្យយមរាជ ថាណាតូស (Thanatos) ទៅយកវិញ្ញាណ សុីសុីហ្វឺស (Sisyphus) ទៅដាក់គុកក្នុងឋាននរក ថាថារុស (Tartarus) ។
ក្រោយយមរាជចាប់ទៅដល់ឋានក្រោមដី អាន់ដឺវើល (The Underworld) ហើយ សុីសុីហ្វឺស (Sisyphus) ក៏បានជួបជាមួយ ថាណាតូស (Thanatos) ភ្លាមនោះ ដោយភាពវៃឆ្លាត សុីសុីហ្វឺស (Sisyphus) បានសួរពីរបៀបចាប់ចងវិញ្ញាណទៅកាន់ ថាណាតូស (Thanatos) ដោយគ្មានភាពភ័យខ្លាចអ្វីទាំងអស់។
ថាណាតូស (Thanatos) បានប្រាប់ពីរបៀបដែលត្រូវយកច្រវាក់ទៅចង់វិញ្ញាណនោះ និងបានឲ្យដល់ ថាណាតូស (Thanatos) ដើម្បីរៀនធ្វើដែរ ប៉ុន្តែតាមពិតទៅជាកលល្បិចសោះ បន្ទាប់ពីបានច្រវាក់មកក្នុងដៃហើយ សុីសុីហ្វឺស (Sisyphus) បានយកវាទៅចង ថាណាតូស (Thanatos) ភ្លាមយ៉ាងមាំ រួចក៏រត់ចេញឡើងមកឋានមនុស្ស ចូលក្នុងខ្លួនរត់វិញទៅ។
ជាច្រវាក់ទេព បើចងហើយគឺជាប់រើពុំរួច ថាណាតូស (Thanatos) ត្រូវបានចងជាប់ខ្លួនមិនអាចបំលាស់ទីបាន ទើបបណ្តាលឲ្យថ្ងៃនោះ គ្រប់មនុស្សម្នាទាំងអស់នៅលោកិយ បើទោះជាត្រូវអ្វីក៏មិនស្លាប់ដែរ សង្រ្គាមជាច្រើនត្រូវបានប្រយុទ្ធគ្នា កងទ័ពហូរឈាមដាបទៅជាទន្លេ ប៉ុន្តែគ្មានទេអ្នកស្លាប់សូម្បីតែម្នាក់។
ស្រាប់តែពេលនោះមហាទេពសង្រ្គាម អេរីស (Ares) ហាក់មានភាពងឿងឆ្ងល់ថាម្តេចបានជាពួកមនុស្សចាក់សម្លាប់គ្នាហើយបែរមិនស្លាប់បែបនេះ ហើយទ្រង់ហោះវឹងទៅជួប ថាណាតូស (Thanatos) កំពុងជាប់ចំណងច្រវ៉ាក់ ក៏យល់ការណ៍ ហើយស្ទុះចូលជួយស្រាយគ្នាឲ្យរួចខ្លួនតែម្តង។
ក្រោយរស់មកវិញម្តងទៀត និងបានវិលមកកាន់នគរ កូរីន (Corinth) វិញ សុីសុីហ្វឺស (Sisyphus) ដឹងច្បាស់ហើយថា ថ្ងៃណាមួយពួកគេនឹងត្រឡប់មកយកខ្លួនវិញ។
គិតមួយសន្ទុះ សុីសុីហ្វឺស (Sisyphus) បានប្រាប់ទៅកាន់មហេសីថ្មីថ្មោង មឺរុព (Merope) ថា៖ “បើកាលណារូបយើងសោយទីវង្គត់ទៅ ចូរនាងយកខ្លួនប្រាណទាំងអាក្រាតកាយមួយនេះបោះចោលទម្លាក់ទន្លេទៅ។”
អស់កាលមួយរយៈ សុីសុីហ្វឺស (Sisyphus) បានធ្លាក់ខ្លួនឈឺរហូតដាច់ខ្យល់ស្លាប់ ដោយយមរាជ ថាណាតូស (Thanatos) ជាអ្នកមកយកវិញ្ញាណគេម្តងទៀត។ លុះដឹងថាស្វាមីស្លាប់ភ្លាម ព្រះនាងដែលជាមហេសីរបស់ សុីសុីហ្វឺស (Sisyphus) បានដោះសម្លៀកបំពាក់សពអស់បន្សល់ទុកនូវរូបអាក្រាតកាយ រួចហើយក៏ទម្លាក់ចុះពីដំណាក់ចូលជ្រោះហូរចូលទន្លេមរណៈ ស្ទីច (The Styx) ដូចធ្លាប់ធ្វើដាក់ក្រុមពាណជ្ជករកន្លងមកអញ្ចឹង។
ទង្វើនេះហើយបណ្តាលឲ្យ សុីសុីហ្វឺស (Sisyphus) ធ្វើជាយកលេសប្តឹងទៅកាន់ព្រះម៉ែ ហ្វឺសឺហ្វូនី (Persephone) មហេសី ហេឌីស (Hedes) ស្តីអំពីកិច្ចកលអមារយាទខ្វះការគោរពចំពោះស្វាមីដូច្នេះនោះ ដោយសុំខ្លួនទៅដាក់ទោសនាងជាភរិយាសិន បើរួចរាលកាលណានឹងត្រឡប់មកទីឋានដែនដីនរក ឌិ អាន់ឌឺវើល (The Underworld) នេះវិញ។
តាមពិតទៅនេះជាក្បួនដែល សុីសុីហ្វឺស (Sisyphus) រៀបចំទុកសោះ ដើម្បីគេចខ្លួនពីឋាននរកមករស់ជាវិញ្ញាណលើដែនដីវិញ ហើយក៏ជាលើកទីពីរដែរ ដែលគេគេចខ្លួនពីការដាក់ទោសរបស់អាទិទេពបាន ពោលគឺមិនមែនម្តង គឺពីរដង។
ជាលើកទីបី ហ៊្សូស (Zeus) បានបញ្ជាមហាទេពល្បឿន ហឺម៉េស (Hermes) ដែលជាបុត្រាខ្លួនទៅម្តង ទើបធ្វើឲ្យលើកនេះ សុីសុីហ្វឺស (Sisyphus) មិនអាចគេចខ្លួនរួចផុតទៀតទេ។ ហឺម៉េស (Hermes) បានចាប់វិញ្ញាណស្តេចកំពូលល្បិចមួយនេះទៅកាន់ ហេឌីស (Hedes) ដើម្បីដាក់ទោសនៅទីឋានននរក ឌិ អាន់ឌឺវើល (The Underworld) បានសម្រេចដូចបំណង ហ៊្សូស (Zeus) ។
ហេឌីស (Hedes) បានដាក់ទោសចំពោះភាពវៃឆ្លាតរបស់ សុីសុីហ្វឺស (Sisyphus) ដែលបានបោកប្រាស់អាទិទេពដល់ទៅពីរដងនេះ ដោយឲ្យប្រមៀលដុំថ្មឡើងឲ្យដល់កំពូលភ្នំ បើអាចដល់នៅពេលណានោះ ទោសគេនឹងត្រូវរួចខ្លួន។
ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃទោះបីជា សុីសុីហ្វឺស (Sisyphus) ខំប្រឹងយ៉ាងណាក៏មិនអាចប្រមៀលឡើងដល់ចំណុចកំពូលដែរ គឺឲ្យតែជិតដល់ថ្មនោះតែងរបូតចុះធ្លាប់មកទីដើមវិញ ដោយសារអំណាចនៃកម្លាំងមិនអាចទ្រាំទ្របាន ទើបបណ្តាលឲ្យគេធ្វើទង្វើដដែលៗរហូតគ្មានថ្ងៃរួចខ្លួនឡើយ។
រឿងរ៉ាវរបស់ សុីសុីហ្វឺស (Sisyphus) អាចបង្រៀនយើងបានថា ធ្វើជាមនុស្ស កុំឆ្លាតជ្រុលហួសពេករហូតភ្លេចគុណធម៌ ដើម្បីតែមហិច្ឆតាខ្លួនឯង រឿងអាក្រក់អាក្រីប៉ុណ្ណាក៏ហ៊ានធ្វើដែរនោះ ម៉្លោះហើយគ្មានលទ្ធផលល្អទេ។
គេបានយករឿងរ៉ាវទូលថ្មនេះមកប្រៀបធៀបជាមួយសង្គមរស់នៅយើងបច្ចុប្បន្ននូវពីរចំណុចដែលយើងគួរស្វែងយល់៖
ទី១ គឺធ្វើជាមនុស្សត្រូវចេះតស៊ូដូច សុីសុីហ្វឺស (Sisyphus) ទោះដឹងថាលំបាកប៉ុណ្ណាក៏នៅតែតស៊ូដើម្បីសម្រេចគោលដៅ មិនបោះបង់ ទោះដឹងថាវាគ្មានថ្ងៃនឹងជោគជ័យក៏ដោយ។
ទី២ គេប្រៀបវាទៅនឹងសង្គមការងារថា បុគ្គលិកប្រៀបដូចជា សុីសុីហ្វឺស (Sisyphus) ចំណែកថ្មប្រៀបដូចជាបន្ទុកការងារ និងកំពូលភ្នំជាគោលដៅនៃសេរីភាព ដែលគ្មានថ្ងៃបានជោគជ័យក្លាយជាអ្នកមានឡើយ ប្រសិនបើអ្នកនៅតែបន្តធ្វើការងារឲ្យគេនោះ។
ពេលរុញថ្មជិតដល់កំពូលស្រាប់តែធ្លាក់ចុះមកវិញ មិនខុសពីការងារដែលគេនឹងទម្លាក់បន្ទុកឲ្យអ្នកថែមទៀតក្រោយបន្ទុកចាស់ជិតបានសម្រេច បន្ទាប់មកអ្នកច្បាស់ជាកើតចិត្តធុញថប់ ចង់ផ្លាសប្តូរការងារថ្មី ប៉ុន្តែត្រូវចាំថានៅពេលអ្នកផ្លាស់ប្តូរ អ្វីទាំងនោះនឹងវិលមករកអ្នកទៀតជារៀងរហូត។
ដូច្នេះហើយយើងម្នាក់ៗចំបាច់ត្រូវរៀនធ្វើជាម្ចាស់ខ្លួនឯង ធ្វើការងារណាមួយដែលខ្លួនឯងស្រលាញ់ ទើបវាឆាប់ជោគជ័យ កុំដើម្បីតែលុយបង្ខំចិត្តធ្វើការងារទាំងមិនពេញចិត្ត ធ្វើអ្វីដែលគ្មានថ្ងៃមានលុយ មានឡាន មានផ្ទះ…។
━━━✥◈✥━━━
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

