វិធីសាស្រ្តចំនួន ៣ ដើម្បីជម្នះលើភាពភ័យខ្លាចដែលធ្លាប់ចួបប្រះ

ភ័យ (ភៃ សំ. បា.) ( ន. ) (ភយ) សេក្ដី​ខ្លាច; ហេតុ​ឬ​ដំណើរ​ដែល​គួរ​ខ្លាច : កើត​ភ័យ, មាន​ភ័យ ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន : ខ្ញុំ​ភ័យ​ណាស់ ខ្ញុំ​ខ្លាច​ណាស់; កុំ​ភ័យ! កុំ​ខ្លាច! ឬ​កុំ​ព្រួយ! ។ ភ័យភិត ឬ ភិតភ័យ ខ្លាច​ខ្លាំង ឬ ខ្លាច​ណាស់ ។ល។

ខ្លាច ( កិ. ) ដែល​មិន​ហ៊ាន, មិន​អាច : ខ្លាច​ខ្លា, ខ្លាច​ពស់ ។ ពាក្យ​ផ្ទុយ ហ៊ាន ។

អារម្មណ៍ភ័យខ្លាច មនុស្សគ្រប់រូបតែងតែចួបប្រទះ។ ភាព​ភ័យ​ខ្លាច ឬ​គំនិត​ភ័យ​ព្រួយ អាច​កើត​ឡើង​​​នៅ​ពេល​មាន​ភាព​អាសន្ន​ណា​មួយ​កើត​ឡើង ឧទាហរណ៍​ អគ្គិភ័យឆាប​ឆេះ​​ ការ​វាយ​ប្រហារ ឬ​​ការ​ឈរ​នៅ​ទី​តាំង​ខ្ពស់​ជា​ដើម។ បើ​តាម​អ្នក​វិទ្យាសាស្រ្ត​ ការ​កើត​ឡើង​នូវភាព​ភ័យ​ខ្លាច​នោះ គឺ​ជា​សញ្ញា​ឆ្លើយ​តប​ទៅ​នឹងភាព​អាសន្ន​ទាំង​នោះ។

យ៉ាង​ណា​មិញ ភាព​ភ័យ​ខ្លាច​ ក៏​​នៅ​តែ​អាច​កើត​ឡើង នៅ​ពេល​យើង​ជួប​ព្រឹត្តិការណ៍​​សាមញ្ញ​ៗមួយ​ចំនួន ​ដូច​ជាការ​ចូល​ប្រឡង ការ​និយាយ​ជា​សាធារណៈ និង​ការ​​បំពេញ​ការងារ​ក្នុង​តំណែង​ថ្មី​ ជា​ដើម​ផង​ដែរ។ ទោះជាយ៉ាង​ណាក៏ដោយ យើងអាចជម្នះ​លើភាព​ភ័យ​ខ្លាច​ទាំង​នោះ​មួយចំនួនដោយ​មធ្យោបាយ​មួយ​ចំនួនដែល​​អ្នក​ជំនាញ​​ផ្នែក​ចិត្ត​សាស្រ្តបាន​ណែ​នាំ​ជា​ទូ​ទៅ៖

១. ស្វែង​យល់​ពី​ខ្លួន​ឯង និង​ឬស​គល់​​ដែលធ្វើ​ឱ្យ​ភ័យ​ខ្លាច​

ស្វែង​យល់​បន្ថែម​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​យើងភ័យ​ខ្លាច​។ ប្រសិនបើ​អាច យើងព្យា​យាម​​កត់​ត្រា​នូវ​ចំណុច​ទាំង​នោះថា​​តើនៅ​ពេល​ណា​ដែល​កើត​មានការ​​ភ័យ​ខ្លាច និង​កំណត់​ថា​វា​គឺ​ជា​អ្វី​។ ទន្ទឹម​នឹង​នោះ យើង​អាចកត់​ត្រា​ជា​ដំណោះ​ស្រាយ​​មួយ​ចំនួន​ ដែល​​មាន​ប្រសិទ្ធភាព និង​បំបាត់​ភាព​ភ័យ​ខ្លាច​ទាំង​នោះ។ ការ​កត់​ត្រា​ និង​ស្វែង​យល់​​នេះ គឺ​ជា​មូល​ដ្ឋាន​​គ្រឹះ​ដើម្បី​ជម្នះ​ភាព​ភ័យ​ខ្លាចដែល​កើត​មាន​នោះ។

២. កត្តា​ខាង​ក្រៅ

អ្នក​ជំនាញ ​ក៏​បាន​ណែ​នាំនូវ​​ចំណុច​​សាមញ្ញ​​មួយ​ចំនួន ប៉ុន្តែ​វា​​ជា​កត្តា​ដែល​នាំ​ឱ្យ​យើងមាន​អានុភាព​ខ្លាំង​ជាង​ភាព​ភ័យខ្លាច​ទាំង​នោះ​បាន​ផង​ដែរ។ អ្វីទាំងនោះ​ មានដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ ការ​សម្រាក​បាន​គ្រប់​គ្រាន់ ការ​ញ៉ាំ​អាហារ​​ល្អ​ដល់​សុខភាព ចៀស​វាងផឹកគ្រឿង​ស្រវឹង​ ចង​ចាំ​នូវ​ពាក្យ​លើក​ទឹក​ចិត្ត និង​រឿង​ល្អ​ៗដែល​បាន​ធ្វើ ជាដើម។ កត្តា​ទាំង​នេះ ​ជា​កម្លាំង​ជួយ​ឱ្យ​យើង​​​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​​ថា​ពិត​ជា​អាច​ធ្វើ​បាន​ ហើយ​ភាព​ភ័យ​ខ្លាច​ពុំ​មែន​ជា​ឧបសគ្គ​របស់​យើង​​ទេ។ គួរ​រម្លឹកផងដែរ​ថា ករណី​សិក្សា​ជា​ច្រើនក៏​បាន​បង្ហាញ​ដែរ​ថា មាន​ភាព​ភ័យ​ខ្លាច​ខ្លះនៅ​លង​បន្លាច​ផ្លូវ​ចិត្ត​​យើង​ក្នុង​រយៈ​ពេល​យូរ ឬ​​មួយ​ជីវិត​ក៏​មាន។ ដូច​នេះ ការ​ទម្លាប់​​ពង្រឹង​សមត្ថភាព​ជម្នះ​វា​បន្តិច​ម្តង​ៗទៅ​តាម​មធ្យោបាយ​​​ផ្សេង​ៗ និងសម​ស្រប​ទៅ​តាម​វេលា នឹង​ជួយ​យើង​ជម្នះ​លើភាព​ភ័យ​​ខ្លាច និង​ការព្រួយបារម្ភ​ទាំង​នោះ​បាន។

៣. រៀន​ប្រឈមមុខនឹង​ភាព​ភ័យ​ខ្លាច​នោះ​ខ្លះ​

អ្នក​ជំនាញ​បា​នលើក​ឡើង​ថា បើ​យើង​គេចចេញ​ពី​ភាព​ភ័យ​ខ្លាច នោះ​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​ឱកាស​ចំពោះ​​អ្វី​ដែលយើង​​ចង់​ធ្វើ។ នេះមាន​ន័យ​ថា យើង​​​មិន​អាច​ដឹង​ពី​សមត្ថភាព​ដោះ​ស្រាយបញ្ហា​របស់​យើងថាតើមាន​​កម្រិត​ណា ឬ​អាច​និយា​យ​ថា យើង​​អាច​បាត់​ឱកាសហ្វឹកហាត់ការ​ប្រឈមនឹងការ​រកដំណោះ​ស្រាយ​ទៅ​នឹង​បញ្ហា​​ទាំង​នោះ។ សូមរៀន​ប្រឈម​ខ្លះ​នឹង​ភាព​ភ័យ​ខ្លាច​ទាំង​នោះ ហើយ​ដោះ​ស្រាយ​តាម​សមត្ថភាព​ដែល​យើង​​មាន​​បន្តិច​ម្តង​ៗ នោះយើង​នឹង​ឃើញ​ពី​ប្រសិទ្ធភាពថា​យើង​​អាច​ធ្វើ​បាន។


អត្ថបទទាក់ទង

វិធីសាស្រ្ត ៨ ចំណុច ដើម្បីសម្រេចបាននូវសុខដុមរមនាក្នុងជីវិតការងារ និងផ្ទាល់ខ្លួន

 

Leave a Reply

Your email address will not be published. Required fields are marked *