វិធីសាស្រ្តចំនួន ៧ ដើម្បីត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ការងារ

តើអ្នកធ្លាប់សម្ភាសន៍ការងារដែរឬទេ? ជាការពិតណាស់ រាល់បទពិសោធន៍របស់មនុស្សម្នាក់ៗ តែងតែឆ្លងកាត់ការសម្ភាសន៍ការងារ ព្រោះវាជាដំណាក់កាលដំបូងនៃការទទួលបានការងារអាជីព។ ហើយទម្រាំទទួលបានការងារថ្មីមួយ គឺពិបាកខ្លាំងណាស់ ជាពិសេសឆ្លងកាត់ការសម្ភាសន៍ ដែលសូម្បីអ្នកជំនួញដ៏ពូកែម្នាក់ក៏ចងចាំនូវភាពអាម៉ាស់ក្នុងការសម្ភាសន៍ការងារម្តងដែរ។

សម្រាប់ការសម្ភាសន៍ការងារ ការអនុវត្តច្រើន នាំមកនូវភាពជោគជ័យ។ ដូច្នេះ គួររៀបចំបែបណាទៅ?

១. ការវិភាគការងារ

ត្រូវប្រាកដថា អ្នកបានយល់ច្បាស់ពីតំណែងការងារដែលបានដាក់ពាក្យ ហើយគួរសរសេរពីអ្វីដែលអាចនិយាយបានក្នុងការសម្ភាសន៍ ដួចជាបទពិសោធន៍ការងារ ជំនាញ ឬគុណសម្បត្តិរបស់អ្នកដែលមានន័យសម្រាប់ការងារនោះ។

២. ស្រាវជ្រាវ

អ្នកត្រូវសិក្សាស្វែងយល់ពីក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីដឹងថាអ្នកអាចធ្វើការបានក្នុងក្រុមហ៊ុននោះ ហើយស័ក្ដិសមនឹងអ្វីដែលអ្នករំពឹងទុកដែរឬទេ។ សូមប្រមូលឯកសារ ឬព័ត៌មានដែលទាក់ទងនឹងក្រុមហ៊ុនឲ្យបានច្រើនតាមដែរអាចធ្វើបាន តាមរយៈមិត្តភ័ក្តិ បណ្តាញសង្គមធំៗ ដួចជា LinkedIn, Facebook ឬតាមរយៈ Google ផងដែរ។

៣. ការស្លៀកពាក់

ការស្លៀកពាក់ឲ្យបានសមរម្យ ស្អាតបាត មានរបៀប គឺជាកត្តាដ៏ចាំបាច់ ដែលវាអាចឆ្លុះបញ្ជាំងថាអ្នកជាបុគ្គលិកបែបណា។ ត្រូវជ្រើសរើសសម្លៀកបំពាក់ទៅតាមស្ថានភាពការងារ។ ឧទាហរណ៍ អ្នកដាក់ពាក្យជាអ្នក Fashion​ Design ឬ Creative អ្នកគួរស្លៀកពាក់ទៅតាមភាពទាន់សម័យ និងច្នៃប្រតិដ្ឋ។ មួយទៀត អ្នកត្រូវរៀបចំសម្លៀកបំពាក់ឲ្យរួចរាល់ កុំទុកឲ្យគៀកជិតដល់ម៉ោង ទើបរៀបចំ។

៤. ការបញ្ចេញអារម្មណ៍

ការរៀបចំខ្លួន ចម្លើយ និងព័ត៌មានសម្រាប់ឆ្លើយបានល្អ ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយមានទំនុកចិត្តក្នុងការឆ្លើយសំណួរអ្នកសម្ភាសន៍។ ពូកគេតែងចង់ឃើញអ្នកបញ្ចេញអារម្មណ៍ពិត ដោយទឹកមុខញញឹម ការប្រើក្រសែភ្នែក និងការនិយាយស្តីរបស់អ្នក។ ចំពោះការនិយាយ ឬប្រើកាយវិការ អ្នកគួរបន្ថូរអារម្មណ៍ដោយដកដង្ហើមយឺតៗ ហើយឆ្លើយតបទៅវិញដោយការញរញឹម។ ការធ្វើបែបនេះអាចជួយអ្នកឲ្យបាត់ភាពតាន់តឹង ហើយវិលមកមានភាពជិតស្និតក្នុងការឆ្លើយតប។

៥. ស្តាប់ និងសួរ

ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ស្តាប់នូវសំណួរដែលបានសួរទេ នោះអ្នកប្រាកដជាផ្តល់ចម្លើយមិនបានល្អ ដែលវាជាបញ្ហាចម្បងសម្រាប់អ្នក។ អ្នកជ្រើសរើសបុគ្គលិក ពេញចិត្តឲ្យអ្នកបញ្ជេញនូវមតិយោបល់ និងសួរសំណួរខ្លះទៅវិញ។ ប៉ុន្តែត្រូវប្រយ័ត្ននូវសំណួរដែលមិនគួរសួរ ដួចជាបញ្ហាប្រាក់ខែ និងថ្ងៃឈប់សម្រាក់ គួរតែសួរពីបញ្ហាការងារ និងយោបល់ពីអ្នកសម្ភាសន៍ការងារវិញទើបប្រសើរ។

៦. ទំនុកចិត្ត

ចំពោះការជឿជាក់លើខ្លួនឯងវិញ ត្រូវមានកម្រិតជានិច្ច អ្នកត្រូវចាំថា អ្វីដែលបានរៀបរាប់ គឺមានដែនកំណត់ ហើយជាព័ត៌មានដែលពិត ចៀសវាងការទុកចិត្តលើខ្លួនឯងខ្លាំងពេក រហូតដល់និយាយវែងឆ្ងាយ និងមិនពិត។ អ្នកជ្រើសរើសបុគ្គលិក អាចមើលដឹងថាតើអ្នកជាមនុស្សទៀងត្រង់ឬយ៉ាងណា ដូច្នេះគួរនិយាយអ្វីដែលពិត ហើយបញ្ជាក់ពីចំណុចសំខាន់របស់អ្នក។

៧. តាមដានលទ្ធផល

នៅចុងបញ្ចប់ការសម្ភាសន៍ការងារ អ្នកត្រូវនិយាយថា “សូមអរគុណសម្រាប់ពេលវេលាសម្ភាសន៍” ។ អ្នកត្រូវបង្ហាញពីភាពក្លាហាន និងភាពចង់បានរបស់អ្នកសម្រាប់ការងារមួយនោះ។ បន្ទាប់ពី ១ ឬ ២ ថ្ងៃក្រោយការសម្ភាសន៍ ត្រូវទំនាក់ទំនងតាមទូរសព្ទ ឬអ៊ីមែលទៅកាន់ក្រុមហ៊ុន ដើម្បីដឹងពីព័ត៌មាន ក៏ដូចជាបង្ហាញពីភាពសំខាន់នៃការងារនោះសម្រាប់អ្នក។


អត្ថបទទាក់ទង

៥ ជំហាន ដើម្បីដោះស្រាយបញ្ហាភាពតានតឹងនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *