
របៀបនៃការធ្វើសេចក្តីសម្រេចចិត្ត អាចត្រូវបានកំណត់ឡើងក្នុងការពាក់ព័ន្ធគ្នានៃនិន្នាការ ២ គឺ៖
- ទីមួយ គឺនិន្នាការពីភាពច្បាស់លាស់ទៅភាពមិនច្បាស់លាស់ (from low to high tolerance for ambiguity)៖ នេះមានន័យថា និន្នាការមួយដែលវាស់ស្ទង់ទំនោររបស់មនុស្សចូលចិត្តភាពច្បាស់លាស់ (ឧទាហរណ៍ ដំណើរការ និងការរំពឹងទុកដែលបានកំណត់) ឬភាពមិនច្បាស់លាស់ (ឧទាហរណ៍ ការបើកចំហរ និងអាចបត់បែនបាន)។
- ទីពីរ គឺនិន្នាការពីភាពសមហេតុសមផលទៅការសន្មត (from rationality to intuitive thinking)៖ និន្នាការនេះ វាស់វែងពីការគិតដោយសមហេតុសមផលមួយទៅការគិតដោយគំនិតជាទស្សនទាន។
ទំនាក់ទំនងនៃនិន្នាការទាំង ២ បង្កើតបានជាកាដ្រង់ ៤ ដែលកាដ្រង់នីមួយៗបង្ហាញពីរបៀប ឬស្ទីលនៃការធ្វើសេចក្តីសម្រេចចិត្ត។
ការធ្វើសេចក្តីសម្រេចចិត្តបែបដោយផ្ទាល់ | ការធ្វើសេចក្តីសម្រេចចិត្តបែបវិភាគ |
ការធ្វើសេចក្ដីសម្រេចចិត្តបែបទស្សនទាន | ការធ្វើសេចក្តីសម្រេចចិត្តតាមបែបឥរិយាបថ |
អត្ថបទាក់ទង៖ យុទ្ធសាស្ត្រចំនួន ៧ សម្រាប់ការសម្រេចចិត្តក្រុមឲ្យមានប្រសិទ្ធភាព
ការធ្វើសេចក្តីសម្រេចចិត្តបែបដោយផ្ទាល់
ការធ្វើសេចក្តីសម្រេចចិត្តបែបដោយផ្ទាល់ គឺជាការសម្រេចចិត្តដែលធ្វើឡើងភ្លាមៗ ផ្អែកលើរចនាសម្ព័ន្ធមានស្រាប់ ឬបទពិសោធន៍ជំនាញការងាររបស់ខ្លួន។ អ្នកធ្វើសេចក្តីសម្រេចចិត្តរបៀបដោយផ្ទាល់ ជាទូទៅជាការសម្រេចចិត្តដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរបស់ខ្លួន មានន័យថា អ្វីៗគឺស្ថិតក្នុងដៃ ឬបទពិសោធន៍រាល់ថ្ងៃរបស់ខ្លួនដែលជាហេតុធ្វើឱ្យការសម្រេចចិត្តប្រព្រឹត្តិទៅបានយ៉ាងឆាប់រហ័ស។ អ្នកគ្រប់គ្រងដែលធ្វើសេចក្តីសម្រេចចិត្តតាមរបៀបផ្ទាល់ មិនត្រូវការសួរសំណួរច្រើនទេ ព្រោះគេមានព័ត៌មានរបស់គេនៅក្នុងដៃ មានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់លើបញ្ហាដែលត្រូវដោះស្រាយ។ ភាគច្រើននៃអ្នកដែលធ្វើសេចក្តីសម្រេចចិត្តតាមរបៀបដោយផ្ទាល់ គឺមិនចង់ខ្លះខ្ជាយពេលវេលា ហើយតែងតែបង្ហាញពីទំនុកចិត្ត គោលបំណង និងអារម្មណ៍នៃការសម្រេចចិត្តរបស់គេ ដែលធ្វើឱ្យអ្នកដទៃកោតសរសើរ និងគាំទ្រលើជម្រើសនៃការសម្រេចចិត្តនោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើការសម្រេចចិត្តតាមបែបដោយផ្ទាល់នេះ តែងតែធ្វើសេចក្តីសម្រេចចិត្តភ្លាមៗ និងអាចមិនមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ ដែលនាំឱ្យមិនបានពិចារណាលើជម្រើសផ្សេងៗទៀតនៃដំណោះស្រាយ ហើយក៏ច្រើនតែផ្តោតលើលទ្ធផលរយៈពេលខ្លីៗ ជាជាងដំណោះស្រាយរយៈពេលវែង។
ការធ្វើសេចក្តីសម្រេចចិត្តបែបវិភាគ
ការសម្រេចចិត្តតាមបែបវិភាគ គឺជាការធ្វើសេចក្តីសម្រេចចិត្តដែលត្រូវការព័ត៌មានច្រើន និងទិន្នន័យគ្រប់គ្រាន់មុននឹងធ្វើការសម្រេចចិត្ត។ អ្នកធ្វើសេចក្តីសម្រេចចិត្តបែបវិភាគនេះ ចំណាយពេលវេលាច្រើនដើម្បីធ្វើការអង្កេត ប្រមូលទិន្នន័យ វិភាគទិន្នន័យ ស្វែងរកដំណោះស្រាយល្អបំផុត ឬទូលំទូលាយបំផុតក្នុងការដោះស្រាយបញ្ហាអ្វីមួយ។ ការសម្រេចចិត្តបែបវិភាគនេះ មានសារៈប្រយោជន៍សំខាន់ណាស់ក្នុងពេលមានដំណោះស្រាយ ២ ដែលល្អដូចគ្នានឹងត្រូវជ្រើសយកមួយដែលល្អបំផុត។ វាជាការសម្រេចចិត្តមួយដែលប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានៃទំនាក់ទំនងហេតុ និងផល ប៉ុន្តែមិនតម្រូវឱ្យឆ្លើយតបភ្លាមៗនោះទេ។ នៅក្នុងភាពជាអ្នកដឹកនាំ វាមានអត្ថប្រយោជន៍ណាស់ក្នុងការបង្កើតក្រុមជំនាញវិភាគលើវិស័យណាមួយដែលអាចជួយដល់ការសម្រេចចិត្តរបស់អ្នកដឹកនាំ ប៉ុន្តែអ្នកដឹកនាំក៏ត្រូវគិតគំនិតយោបល់ផ្ទុយគ្នា និងការបើកទូលាយផងដែរ។
ការធ្វើសេចក្ដីសម្រេចចិត្តបែបទស្សនទាន
ការសម្រេចចិត្តតាមបែបទស្សនទាន គឺជាការសម្រេចចិត្តដែលតម្រូវឱ្យមានការគិតពិចារណា និងប្រមើលមើលវែងឆ្ងាយនៃដំណោះស្រាយទៅលើបញ្ហាអ្វីមួយ។ អ្នកធ្វើសេចក្តីសម្រេចតាមបែបទស្សនទាននេះ ត្រូវបានយកចិត្តទុកដាក់ឆ្ពោះទៅរកលទ្ធផលដែលនឹងទទួលបាននាពេលអនាគត ហើយភាគច្រើនពាក់ព័ន្ធទៅនឹងទស្សនៈប្រកួតប្រជែង។ របៀបសម្រេចចិត្តបែបនេះ សមស្របក្នុងស្ថានភាពដែលមិនអាចព្យាករណ៍បាន និងផ្តួចផ្តើមគំនិតច្នៃប្រតិដ្ឋថ្មី។ ដូចនេះ ការធ្វើសេចក្តីសម្រេចចិត្តតាមបែបទស្សនទាន គឺធ្វើឡើងដើម្បីរៀបផែនការយុទ្ធសាស្ត្ររយៈពេលវែង និងពុំអាចកំណត់បាននូវអថេរមួយចំនួន។ ដើម្បីឱ្យការសម្រេចចិត្តតាមបែបទស្សនទានមានប្រសិទ្ធភាព អ្នកដឹកនាំត្រូវបង្កើតបរិយាកាសមួយដែលជំរុញឱ្យមានការសិក្សារក្នុងរយៈកំណត់ណាមួយ ហើយត្រូវធ្វើឱ្យ មានការទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងសកម្ម។ ក្នុងនោះ ក៏ត្រូវការបង្កើតក្រុមការងារដែលអាចរួមចំណែកនូវគំនិតឆ្នៃប្រតិដ្ឋ និងរកដំណោះស្រាយលើភាពស្មុគស្មាញនៃការធ្វើសេចក្តីសម្រេចចិត្ត។
ការធ្វើសេចក្តីសម្រេចចិត្តតាមបែបឥរិយាបថ
ការធ្វើសេចក្តីសម្រេចចិត្តតាមបែបឥរិយាបថ គឺជាការធ្វើសេចក្តីសម្រេចចិត្តដែលឆ្ពោះទៅរកលទ្ធផលពីការសម្រេចចិត្តរបស់ក្រុមការងារ។ ដូចគ្នានឹងការសម្រេចចិត្តតាមបែបទស្សនទានដែរ ការសម្រេចចិត្តតាមបែបឥរិយាបថ ត្រូវការផ្តល់ជម្រើសឱ្យក្រុមពិភាក្សាដើម្បីជ្រើសយកជម្រើសប្រសើរមួយមកអនុវត្ត។ របៀបនៃការសម្រេចចិត្តតាមបែបឥរិយាបថ គឺតម្រូវឱ្យមានការពិភាក្សារកដំណោះស្រាយដែលបានបានអនុវត្តកន្លងមកជាជាងខិតខំស្វែករករបៀបដោះស្រាយថ្មីៗ។ អ្នកដឹកនាំ ត្រូវការបើកទូលាយនូវបណ្តាញទំនាក់ទំនង ដើម្បីផ្តល់ឱកាសឱ្យមានការរួមចំណែកដាក់បញ្ចូលជម្រើសផ្សេងៗ ហើយធ្វើការពិភាក្សាចំណុចខ្លាំង និងចំណុចខ្សោយនៃជម្រើសនីមួយៗ ដើម្បីសម្រេចយក ជម្រើសណាដែលប្រសើរជាងគេមកអនុវត្ត។
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
