
នៅពេលអ្នកជួបបញ្ហាពិបាកដោះស្រាយ អ្នកទំនងជានឹងយកវាទៅពិភាក្សាជាក្រុម។ តើមានអ្នកជួយគិតប្រសើរជាងគិតម្នាក់ឯងមែនទេ? វាមិនអញ្ចឹងគ្រប់ពេលនោះទេ។ ហេតុអ្វី? ការប្រមូលចំណេះដឹងពីមនុស្សច្រើននាក់ មិនមែនធានាបាននូវលទ្ធផលល្អប្រសើររហូតនោះទេ។ ដោយសារតែមានការពឹងផ្អែកខ្លាំងលើឋានានុក្រម សភាវគតិបង្ការទៅនឹងការខ្វែងគំនិតគ្នា និងចេតនាថែរក្សាភាពចុះសម្រុងគ្នា ការធ្វើការក្រុម ភាគច្រើនបានធ្លាក់ចូលទៅក្នុង Groupthink (គឺជាឈ្មោះទ្រឹស្តីមួយដែលត្រូវបានដាក់ដោយលោក អ៊ីវីង ចេនីស (Irving Janis, ១៩៧២) ដើម្បីពិពណ៌នាអំពីការសម្រេចចិត្តខុសដែលកើតមានក្នុងក្រុម ដែលជាលទ្ធផលនៃការធ្វើការសម្រេចចិត្តជាក្រុម)។
ការយល់ឃើញដែលភាន់ច្រឡំ អាចនឹងនាំការសម្រេចចិត្តក្រុមទៅទិសដៅមួយផ្សេងវិញ។ ភាពលម្អៀងរបស់បុគ្គល អាចកើតមានឡើង ហើយរាលដាលពាសពេញក្រុម ហើយនាំឲ្យលទ្ធផលទទួលបាន មានភាពខុសឆ្ងាយ និងផ្ទុយពីការពេញចិត្តរបស់បុគ្គលម្នាក់ៗទៅវិញ។ ហើយភាគច្រើន រឿងបែបនេះកើតឡើងដោយមិនដឹងខ្លួននោះទេ។
វាមិនមែនមានន័យថា អ្នកមិនគួរធ្វើការសម្រេចចិត្តក្រុមនោះទេ ប៉ុន្តែអ្នកត្រូវបង្កើតបែបផែនការងារត្រឹមត្រូវមួយសម្រាប់ការសម្រេចចិត្តក្រុម។ ផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រអំពីអាកប្បកិរិយា និងការសម្រេចចិត្ត បូករួមជាមួយបទពិសោធន៍នៃការអនុវត្តជាច្រើនឆ្នាំ គេបានកំណត់នូវយុទ្ធសាស្ត្រចំនួន ៧ សម្រាប់ការសម្រេចចិត្តក្រុមឲ្យមានប្រសិទ្ធភាព៖
អត្ថបទទាក់ទង៖ ៣ ទម្រង់នៃការធ្វើសេចក្តីសម្រេចជាក្រុម ដែលអ្នកត្រូវយល់ដឹង
១. ពេលអ្នកត្រូវធ្វើការសម្រេចចិត្តសំខាន់ អ្នកគួរតែពិភាក្សាក្នុងក្រុមតូច៖ ការសម្រេចចិត្តក្នុងក្រុមធំៗ ទំនងមានភាពលម្អៀងខ្លាំង។ ឧទាហរណ៍នៃការស្រាវជ្រាវបានបង្ហាញថា ក្រុមដែលមានសមាជិក ៧ នាក់ ឬច្រើនជាងនេះ ងាយនឹងមានភាពលម្អៀងបែបការបញ្ជាក់លម្អៀង (Confirmation bias) ។ ក្រុមកាន់តែធំ ទំនោរកាន់តែខ្លាំងដែលសមាជិកក្រុមធ្វើការស្រាវជ្រាវ និងវាយតម្លៃព័ត៌មានតាមរបៀបមួយដែលស្របទៅនឹងព័ត៌មាន និងជំនឿដែលពួកគេមានរួចជាស្រេច។ ដោយរក្សាក្រុមឱ្យនៅចន្លោះពី ៣ ទៅ ៥ នាក់ អ្នកអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ ខណៈដែលនៅតែអាចទទួលបានអត្ថប្រយោជន៍ពីទស្សនវិស័យផ្សេងៗគ្នា។
២. ជ្រើសរើសក្រុមវិសមានចិត្ត៖ ការសិក្សាផ្សេងៗបានរកឃើញថា ក្រុមដែលរួមបញ្ចូលដោយបុគ្គលមានគំនិត និងជំនឿដូចគ្នា មានទំនោរខ្លាំងទៅរកការសម្រេចចិត្តលម្អៀង។ ក្រុមដែលមានបុគ្គលទស្សនៈផ្ទុយគ្នា អាចមានភាពលម្អៀងតិចជាង។ ទោះយ៉ាងណាក៏ដោយ វាក៏អាស្រ័យទៅតាមបរិបទផងដែរ។ នៅពេលដែលព្យាយាមបំពេញភារកិច្ចស្មុគស្មាញ ដែលទាមទារជំនាញ និងទស្សនវិស័យផ្សេងៗ ដូចជាការងារស្រាវជ្រាវ និងបង្កើតបែបផែនជាដើម ក្រុមវិសមានចិត្តអាចធ្វើការបានប្រសើរជាង។ ប៉ុន្តែចំពោះកិច្ចការដដែលៗ ដូចជាការប្រកាន់ខ្ជាប់នូវនីតិវិធីសុវត្ថិភាពក្នុងការហោះហើរ ឬការថែរក្សាសុខភាព ក្រុមដែលមានភាពដូចគ្នា ភាគច្រើនធ្វើបានល្អជាង។ ក្នុងនាមជាអ្នកដឹកនាំ ជាដំបូងអ្នកត្រូវយល់ពីលក្ខណៈនៃការសម្រេចចិត្ត ដែលអ្នកស្នើសុំឱ្យក្រុមធ្វើ មុនពេលអ្នកប្រមូលផ្តុំក្រុមដែលសមរម្យ។
៣. ចាត់តាំងឲ្យមានអ្នកខ្វែងយោបល់ម្នាក់ (ឬ ២ នាក់)៖ វិធីមួយដើម្បីប្រឆាំងនឹងទំនោរនៃ groupthink គឺការចាត់តាំងអ្នកតស៊ូមតិម្នាក់ឡើងមក។ មនុស្សម្នាក់នេះ មានភារកិច្ចដើរតួជាអ្នកប្រឆាំងនឹងការឯកភាពគ្នារបស់ក្រុម។ ការស្រាវជ្រាវបង្ហាញថា ការផ្តល់សិទ្ធិអំណាចដល់មនុស្សយ៉ាងហោចណាស់ម្នាក់ឲ្យមានសិទ្ធិជំទាស់ការសម្រេចចិត្តរបស់ក្រុម អាចនាំឱ្យគុណភាព និងលទ្ធផលនៃការសម្រេចចិត្តរីកចម្រើនគួរឱ្យកត់សម្គាល់។ សម្រាប់ក្រុមធំ ដែលមានសមាជិក ៧ នាក់ ឬច្រើនជាងនេះ ការចាត់តាំងអ្នកតស៊ូមតិយ៉ាងហោចណាស់ ២ នាក់ ដើម្បីប្រាកដថា អ្នកតស៊ូមតិម្នាក់ៗ មិនត្រូវបានសមាជិកផ្សេងទៀតគិតថា ជាអ្នកបង្កបញ្ហារំខាននោះទេ។
៤. ប្រមូលមតិដោយឯករាជ្យ៖ ការប្រមូលចំណេះដឹងជាក្រុម គឺមានគុណប្រយោជន៍ ប្រសិនបើអ្នកប្រើប្រាស់វាបានត្រឹមត្រូវ។ ដើម្បីទាញអត្ថប្រយោជន៍ច្រើនបំផុតពីសមត្ថភាពខុសៗគ្នានៃក្រុមរបស់អ្នក យើងសូមផ្តល់យោបល់ឱ្យប្រមូលផ្តុំគំនិតទាំងនោះម្តងម្នាក់ៗ មុននឹងដាក់ឲ្យមានការពិភាក្សាជាក្រុម។ ឧទាហរណ៍ អ្នកអាចស្នើសុំឱ្យសមាជិកក្រុមម្នាក់ៗកត់ត្រាគំនិតរបស់ពួកគេ ដោយឯករាជ្យ និងអនាមិក។ បន្ទាប់មក សូមឱ្យក្រុមវាយតម្លៃគំនិតទាំងអស់នោះ ដោយឯករាជ្យ និងអនាមិក ដោយមិនចាំបាច់ផ្តល់យោបល់អ្វីដល់សមាជិកក្រុមណាម្នាក់ឡើយ។ ដោយធ្វើតាមរបៀបនេះ ក្រុមអាចទប់ទល់នឹងភាពលម្អៀង និង groupthink ។ បែបផែននេះ ក៏ធ្វើឱ្យការជះឥទ្ធិពលពីការយល់ឃើញរបស់បុគ្គលដែលបានធ្វើការយូរឆ្នាំ បុគ្គលដែលមើលទៅដូចអ្នកជំនាញ ឬបុគ្គលដែលមានបំណងអ្វីផ្សេង មិនប៉ះពាល់អវិជ្ជមានដល់ការសម្រេចចិត្តក្រុមដែរ។
៥. បង្កើតបរិយាកាសសុវត្ថិភាពក្នុងការបញ្ចេញមតិ៖ ប្រសិនបើអ្នកចង់ឲ្យសមាជិកក្រុម ចែករំលែកយោបល់ និងចូលរួមក្នុងតស៊ូមតិក្នុងន័យស្ថាបនា អ្នកត្រូវបង្កើតបរិយាកាសមួយដែលឲ្យពួកគេមានអារម្មណ៍ថា ពួកគេអាចនិយាយដោយមិនខ្លាចការសងសឹក។
សូមជំរុញ និងលើកទឹកចិត្តយ៉ាងសកម្មលើការឆ្លុះបញ្ចាំង និងពិភាក្សាគំនិត ឬចម្ងល់ ដែលមានការយល់ឃើញខុសៗគ្នា ដោយបង្កើតបទពិសោធន៍ដែលម្នាក់ៗទទួលបានការគោរព។ ធាតុសំខាន់ៗ មានចំនួន ៣ ដើម្បីអាចបង្កើតបរិយាកាសសុវត្ថិភាព និងប្រើប្រាស់ភាពចម្រុះរបស់ក្រុមយ៉ាងមានប្រសិទ្ធិភាពបំផុត៖
- ទីមួយ សូមឲ្យមតិឆ្លើយតប ដោយផ្តោតលើយុទ្ធសាស្ត្រដែលកំពុងពិភាក្សា មិនមែនលើបុគ្គលនោះទេ។
- ទីពីរ សូមបង្ហាញមតិយោបល់ក្នុងន័យស្នើសុំ មិនមែនជាបញ្ជានោះទេ។
- ទីបី សូមបង្ហាញមតិឆ្លើយតប តាមរបៀបដែលបង្ហាញថា អ្នកយល់ចិត្ត និងអបអរ ចំពោះបុគ្គលដែលចូលរួមធ្វើការសហការ ដើម្បីឆ្ពោះទៅរកគោលដៅរួមរបស់អ្នក។
៦. កុំពឹងផ្អែកលើអ្នកជំនាញខ្លាំងពេក៖ អ្នកជំនាញ អាចជួយក្រុមធ្វើការសម្រេចចិត្តឱ្យកាន់តែច្បាស់។ ទោះជាយ៉ាងណាក៏ដោយ ការជឿទុកចិត្តលើគំនិតយោបល់របស់អ្នកជំនាញ អាចធ្វើឱ្យក្រុមងាយនឹងលម្អៀង និងបង្ខូចលទ្ធផល។ ការស្រាវជ្រាវបង្ហាញថា ការឲ្យអ្នកជំនាញចូលរួមក្នុងការសម្រេចចិត្ត អាចធ្វើឱ្យក្រុមសម្របគំនិតរបស់ពួកគេទៅតាមអ្នកជំនាញ។ ដូច្នេះ ការអញ្ជើញអ្នកជំនាញ គួរតែធ្វើឡើងលើប្រធានបទជាក់លាក់ ហើយកំណត់យ៉ាងច្បាស់ថា ពួកគេជាភ្ញៀវតែប៉ុណ្ណោះ។
៧៖ នៅទីបំផុត លទ្ធផលនៃការសម្រេចចិត្ត អាចត្រូវបានជះឥទ្ធិពលដោយធាតុដែលសាមញ្ញ ដូចជាការជ្រើសរើសអ្នកនាំសាររបស់ក្រុម។ ជាញឹកញាប់ យើងសង្កេតឃើញថា បុគ្គលតែម្នាក់ទទួលខុសត្រូវចំពោះការជ្រើសរើសសមាជិកក្រុម រៀបចំរបៀបវារៈ និងការទំនាក់ទំនងលទ្ធផល។ ក្នុងករណីនេះ ភាពលម្អៀងរបស់បុគ្គល អាចមានឥទ្ធិពលយ៉ាងងាយលើការសម្រេចចិត្តរបស់ក្រុមទាំងមូល។ ការស្រាវជ្រាវបង្ហាញថា ទំនោរអវិជ្ជមានបែបនេះ អាចត្រូវបានទប់ទល់យ៉ាងមានប្រសិទ្ធភាព ប្រសិនបើតួនាទីខុសគ្នាត្រូវបានផ្តល់ទៅឱ្យសមាជិកក្រុមផ្សេងៗគ្នា ដោយផ្អែកលើជំនាញរបស់ពួកគេ។ បន្ថែមពីលើសនេះទៅទៀត សមាជិកទាំងអស់ គួរតែមានគណនេយ្យភាពចំពោះដំណើរការនៃការសម្រេចចិត្តរបស់ក្រុម និងលទ្ធផលចុងក្រោយ។ វិធីមួយដែលយើងអាចធ្វើបាន គឺស្នើសុំឱ្យក្រុមការងារចុះហត្ថលេខាលើសេចក្តីថ្លែងការទទួលខុសត្រូវរួមគ្នានៅដើមដំបូង ដែលនឹងនាំឱ្យមានការចែកចាយថាមពលកាន់តែមានតុល្យភាព និងការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
