
ការគ្រប់គ្រង គឺ គ្រងឲ្យគ្រប់ គ្រប់ឲ្យនៅក្នុងម្លង គ្រងឲ្យនៅក្នុងម្លប់។
ការគ្រប់គ្រង គឺជាដំណើរការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យលើការប្រើប្រាស់ធនធានមនុស្ស និងធនធានផ្សេងៗទៀត ដើម្បីសម្រេចគោលដៅរបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ការគ្រប់គ្រង គឺជាដំណើរការ ព្រោះថាវាពាក់ព័ន្ធទៅនឹងបណ្តាញការងារស្មុគស្មាញរវាងមនុស្សជាមួយមនុស្ស និងរវាងមនុស្សជាមួយធនធានផ្សេងៗ ដូចជាហិរញ្ញវត្ថុ មធ្យោបាយសម្ភារៈ អគារ ដីធ្លី វត្ថុធាតុដើម កម្លាំងពលកម្ម និងពេលវេលា។ ការគ្រប់គ្រង គឺជាការសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រោះថាការគ្រប់គ្រងត្រូវបានវាស់វែងលទ្ធផលចុងក្រោយដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ប្រសិទ្ធភាព គឺជាការវាស់វែងមួយដែលលទ្ធផលគ្រប់គ្រងទទួលបានផលច្រើនពីការប្រើប្រាស់ធនធានធាតុចូលតិចបំផុត។ ជាទូទៅ ប្រសិទ្ធភាព សំដៅទៅលើការប្រើប្រាស់ធនធានឱ្យបានត្រឹមត្រូវ គឺមានន័យថាសន្សំសំចៃបំផុត មិនខ្ជះខ្ជាយចំពោះការប្រើប្រាស់ធាតុចូល។ ឧទាហរណ៍ ក្នុងដំណើរការគ្រប់គ្រងសកម្មភាពប្រតិបត្តិការរបស់ស្ថាប័ន ប្រសិនបើយើងទទួលបានលទ្ធផលច្រើន (ធាតុចេញច្រើន) ជាងមុន ចំពោះការប្រើប្រាស់ធនធានដដែល (ធាតុចូល) នោះមានន័យថា ប្រសិទ្ឋភាពនៃការគ្រប់គ្រង មានការកើនឡើង។ ហើយប្រសិនបើយើងអាចទទួលបានលទ្ធផល ឬធាតុចេញដដែលដោយប្រើប្រាស់ធនធានតិចជាងមុន នោះក៏មានន័យថា យើងនៅតែទទួលបានប្រសិទ្ធភាពដដែល។ ដូច្នេះ អ្នកគ្រប់គ្រងទាំងអស់ គឺសុទ្ធតែត្រូវបានយកចិត្តទុកដាក់ទៅនឹងការប្រើប្រាស់ធនធានដោយសន្សំសំចៃ ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងរបស់ខ្លួន។ ឧទាហរណ៍ ដូចជាការប្រើប្រាស់វត្ថុធាតុដើម ថវិកា កម្លាំងពលកម្ម មធ្យោបាយសម្ភារៈបរិក្ខារ និងធនធានផ្សេងៗទៀត ដោយការសន្សំសំចៃបំផុត។
ការគ្រប់គ្រងដែលគិតតែពីប្រសិទ្ធភាព ក៏មិនទាន់មានន័យគ្រប់គ្រាន់ថាជាការគ្រប់គ្រងដែលសម្រេចបានជោគជ័យនៅឡើយដែរ ព្រោះការគ្រប់គ្រងដែលជោគជ័យត្រូវបានវាស់វែងដោយការសម្រេចគោលដៅដែលបានកំណត់ មានន័យថា វាក៏ត្រូវបានពាក់ព័ន្ធទៅនឹងការនាំយកសកម្មភាពពេញលេញដល់ទីបញ្ចប់ នោះគឺជាការខំប្រឹងប្រែងសម្រេចឱ្យបាននូវប្រសិទ្ធផលខ្ពស់។
ប្រសិទ្ធផល មានន័យថា ជាការវាស់វែងលទ្ធផលដែលទទួលបានពីសកម្មភាពប្រតិបត្តិការរបស់ស្ថាប័ន ឬជាការសម្រេចគោលដៅរបស់ស្ថាប័នប្រកបដោយបរិមាណ និងគុណភាពខ្ពស់។ ជាទូទៅ ប្រសិទ្ធផល សំដៅទៅលើការធ្វើឱ្យត្រូវនូវអ្វីដែលបានកំណត់។ ឧទាហរណ៍ ប្រសិនបើ អ្នកជាប្រធានផ្នែកផលិតកម្មនៃអង្គភាពអាជីវកម្មមួយ ការគ្រប់គ្រងសកម្មភាពរបស់អ្នកដែលធ្វើឱ្យសម្រេចបានជាអតិបរមានៃផលិតផលទាំងបរិមាណ និងគុណភាព នោះគឺជាការទទួលបានប្រសិទ្ធផលខ្ពស់។
ការគ្រប់គ្រងដែលផ្ដោតតែលើលទ្ធផល ដោយមិនខ្វល់ពីដំណើរការ អាចបង្កជាផលវិបាកអវិជ្ជមានជាច្រើនដល់ស្ថាប័ន ឬក្រុមហ៊ុន។ នេះជាផលវិបាកសំខាន់ៗមួយចំនួន៖
ខ្វះការច្នៃប្រតិដ្ឋ និងការអភិវឌ្ឍន៍
ប្រសិនបើការគ្រប់គ្រងមិនយកចិត្តទុកដាក់លើដំណើរការទេ នោះឱកាសសម្រាប់ការរៀនសូត្រ ការកែលម្អ និងការច្នៃប្រឌិតអាចនឹងត្រូវបាត់បង់។ ក្រុមការងារនឹងមិនមានពេល ឬធនធានដើម្បីស្វែងរកវិធីសាស្រ្តថ្មីៗដែលមានប្រសិទ្ធភាពជាងមុន ឬកែលម្អជំនាញរបស់ពួកគេឡើយ។
ហានិភ័យកើនឡើង
ការមិនយកចិត្តទុកដាក់លើដំណើរការអាចនាំឱ្យមានការធ្វេសប្រហែសលើនីតិវិធីសំខាន់ៗ ឬវិធានការសុវត្ថិភាព។ នេះអាចបង្កើនហានិភ័យនៃកំហុសឆ្គង បញ្ហាបច្ចេកទេស ឬសូម្បីតែគ្រោះថ្នាក់ការងារ ដែលអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន។
និរន្តរភាពអាជីវកម្ម
ការពឹងផ្អែកតែលើលទ្ធផលរយៈពេលខ្លី ដោយមិនបានគិតគូរពីនិរន្តរភាពនៃដំណើរការរយៈពេលវែង អាចធ្វើឱ្យក្រុមហ៊ុនបាត់បង់សមត្ថភាពប្រកួតប្រជែង និងមិនអាចទ្រទ្រង់បានយូរអង្វែង។
អត្ថបទទាក់ទង៖ គំរូនៃការធ្វើសេចក្ដីសម្រេចចិត្តដែលអ្នកគួរយល់ដឹង
បាត់បង់ឱកាសកែលម្អ
នៅពេលដែលការគ្រប់គ្រងមិនយល់ពីរបៀបដែលលទ្ធផលត្រូវបានសម្រេច ពួកគេនឹងបាត់បង់ឱកាសក្នុងការកំណត់អត្តសញ្ញាណចំណុចខ្សោយនៅក្នុងដំណើរការ និងធ្វើការកែលម្អចាំបាច់។
សរុបមក ការគ្រប់គ្រងដែលមានប្រសិទ្ធភាពទាមទារនូវតុល្យភាពរវាងការកំណត់គោលដៅលទ្ធផល និងការយកចិត្តទុកដាក់លើដំណើរការដែលនាំទៅរកលទ្ធផលទាំងនោះ។ ការយល់ដឹង និងការកែលម្អដំណើរការគឺជាគន្លឹះដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់។
គុណភាពធ្លាក់ចុះ
នៅពេលដែលការគ្រប់គ្រងដាក់សម្ពាធខ្លាំងទៅលើលទ្ធផលតែមួយមុខ ក្រុមការងារអាចនឹងបាត់បង់ការយកចិត្តទុកដាក់លើគុណភាពការងារ។ ពួកគេអាចនឹងជ្រើសរើសផ្លូវកាត់ ឬធ្វេសប្រហែសលម្អិតសំខាន់ៗដើម្បីសម្រេចបានគោលដៅលទ្ធផលទាន់ពេល ដែលនាំឱ្យគុណភាពផលិតផល ឬសេវាកម្មធ្លាក់ចុះ។
បុគ្គលិកបាត់បង់ទឹកចិត្ត និងអស់កម្លាំង
ការផ្ដោតខ្លាំងពេកលើលទ្ធផលអាចបណ្ដាលឱ្យបុគ្គលិកមានអារម្មណ៍តានតឹង និងសម្ពាធខ្ពស់។ ពួកគេអាចមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់ពួកគេមិនត្រូវបានគេទទួលស្គាល់ ឬឱ្យតម្លៃ ហើយនេះអាចនាំឱ្យបាត់បង់ទឹកចិត្តក្នុងការងារ និងអស់កម្លាំង។ យូរៗទៅ វានឹងជះឥទ្ធិពលដល់ផលិតភាពការងារ និងអាចនាំឱ្យបុគ្គលិកចាកចេញពីក្រុមហ៊ុន។
បរិយាកាសការងារមិនល្អ
នៅពេលដែលលទ្ធផលជាអាទិភាពចម្បង បរិយាកាសការងារអាចប្រែក្លាយជាការប្រកួតប្រជែងគ្នាខ្លាំងពេក មិនមែនជាការសហការគ្នាទេ។ បុគ្គលិកអាចនឹងមានទំនោរលាក់បាំងកំហុស ឬបញ្ហាដើម្បីសម្រេចលទ្ធផល ដែលធ្វើឱ្យការដោះស្រាយបញ្ហាកាន់តែពិបាក និងប៉ះពាល់ដល់វប្បធម៌ក្រុមហ៊ុន។
ដូចនេះ ការគ្រប់គ្រងស្ថាប័នដែលទទួលបានជោគជ័យ គឺជាការគ្រប់គ្រងដែលត្រូវបានយកចិត្តទុកដាក់លើការធ្វើឱ្យសម្រេចទាំងប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ផ្ទុយទៅវិញ ការគ្រប់គ្រងដែលបរាជ័យ គឺជាការគ្រប់គ្រងដែលមិនបានសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
═━━━✥◈✥━━━═
ដកស្រង់ពី៖ សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
