
សម័យថ្ងៃមួយ ពពួកសត្វកណ្តុរបាននាំគ្នាបើកអង្គប្រជុំមួយដើម្បីរកវិធីទប់ទល់នឹងសត្រូវស៊ូពូជរបស់គេ គឺសត្វឆ្មា។ កណ្ដុរមួយនិយាយអញ្ចេះកណ្ដុរមួយនិយាយអញ្ចុះ មិនមានមតិស្របគ្នាសោះ តែពេលនោះក៏មានកណ្ដុរមួយក្នុងចំណោមនោះចេញមកនិយាយថា÷ ខ្ញុំមានដំណោះស្រាយដ៏ពិសេសមួយ។ អ្នកទាំងអស់គ្នាប្រាកដជាយល់ស្របនឹងខ្ញុំ។ សត្រូវរបស់យើងមករកចាប់យើងដោយមិនឱ្យយើងដឹងជាមុនឡើយ ដូច្នេះបើសិនជាយើងទទួលបានសញ្ញាមុនពេលដែលវាមកដល់ យើងប្រាកដជាគេចខ្លួនបានដោយសុវត្ថិភាព។ ដំណោះស្រារបស់ខ្ញុំ គឺថាត្រូវយកកណ្ដឹងមួយចងនឹងខ្សែហើយយកទៅពាក់នឹងកវាទៅ។ អីចឹងយើងប្រាកដជាអាចដឹងថា វានៅឯណាហើយបើវាមកជិត យើងប្រាកដជាអាចគេចខ្លួនបានទាន់ពេល។ មានសំឡេងទះជើងបានឮឡើងយ៉ាងកងរំពង តែពេលនោះមានកណ្ដុរចាស់មួយក្នុងហ្វូងកណ្ដុរនោះបាននិយាយថា÷ ពិតជាដំណោះស្រាយដ៏អស្ចារ្យមែន តែថានរណានឹងយកកណ្ដឹងនេះទៅចង? ពួកកណ្ដុរនាំគ្នាមើលមុខគ្នាទៅវិញទៅមក ហើយកណ្ដុរចាស់ក៏បានបង្ហើយថា កិច្ចការដែលមិនអាចធ្វើកើតតែងតែស្រួលក្នុងការនិយាយ។
រឿងនេះចង់បង្ហាញថា “កិច្ចការដែលមិនអាចធ្វើកើត តែងតែស្រួលក្នុងការនិយាយ។
ដកស្រង់ពីសៀវភៅ រឿងព្រេងនិទានខ្មែរ