
អរិយសត្ថា ជាសមណសក្តិ ទីមេគណ ឬចៅអធិការដែលជាអ្នកតែងច្បាប់នេះបានជាគេឱ្យឈ្មោះថា “ច្បាប់អរិយសត្ថា” ដូច្នេះ។
(បទកាកគតិ)
អរិយសត្ថា គំនិតចែងចារ ចងទុកជាច្បាប់
ឲ្យអស់សិស្សផង ត្រងត្រាប់សណ្តាប់ យកជាតម្រាប់
តម្រង់អាត្មា។
ឲ្យមានប្រយោជន៍ ប្រយ័ត្នអសោចិ៍ រាល់រូបអ្នកណា
អម្បាលមករៀន របៀនសាស្ត្រា ប្រយ័ត្នអាត្មា
ការកេរ្តិ៍លោកិយ។
ទោះនឹងចេញទៅ ប្រយ័ត្ននានៅ ផ្គាប់ផ្គុនមន្រ្តី
ឲ្យត្រូវនឹងច្បាប់ សណ្តាប់សួស្តី ដូចលោកស្រដី
ប្រដៅទុកមក។
បើមិនចង់ទេ ចង់នៅទំនេរ ជួញប្រែរិះរក
ចិញ្ចឹមជីវិត គួរគិតរៀនយក របៀននោះមក
ទើបរកទ្រព្យបាន។
វាយលេខទាត់ក្បាច់ សឹងផ្សំសម្រេច ឲ្យបានដឹងដាន
ដឹងដើមដឹងចុង ដឹងបង់ដឹងបាន ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។
ឲ្យបានប្រយោជន៍ ប្រយ័ត្នអសោចិ៍ ជាអ្នករកស៊ី
សម្រាប់លោកិយ ប្រក្រតីជាទី សម្គាល់បញ្ជី
ស្មៀនត្រាសៀវភៅ។
គន់គិតប្រយ័ត្ន អស់ទ្រព្យសម្បត្តិ ឲ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់ ឲ្យស្រេចឃើញផ្លូវ សឹមថយចេញទៅ
តាមផ្លូវលោកិយ។
ល្មមដឹងតិចច្រើន ល្មមដឹងក្រវើន ទ្រព្យធនអ្វីៗ
លេខនិងអក្សរ កំដរស្មារតី សម្រាប់លោកិយ
ឯងនេះទើបត្រូវ។
បើតែវិលវេះ ខ្ជិលដេកស្រមេះ ស្រមូញស្ញូញស្ញូវ
ស្រទាងលើខ្នើយ កន្តើយលក់ទៅ នរណានឹងនៅ
ដាស់តឿនឲ្យទៀត។
មិនដឹងឬអ្វី ក្នុងរាជ្យលោកិយ រាជការចង្អៀត
នរណាទុកឯង លេងវាយដៃព្រាត ឃើញហើយគេបៀត
តម្រៀតរាជការ។
ហេតុនេះគួរគិត គួរកាន់គំនិត គួរគិតឧស្សាហ៍
សង្វាតរករៀន របៀនសាស្ត្រា តម្រិះប្រាជ្ញា
បង្ការទុកទៅ។
បើដោះខ្លួនរួច រាប់ជាអ្នកស្រួច ដឹងគិតរាក់ជ្រៅ
ក្នុងរាជ្យលោកិយ សេចក្តីឥឡូវ គិតឲ្យឃើញផ្លូវ
នឹងទៅមុខទៀត។
រីត្រង់ឯខ្លៅ បើថយចេញទៅ រកស៊ីចង្អៀត
គិតគូរម្តេចម្តា ប្រវាបែរបៀត ពឹងអ្នកកន្ទៀត
ដូចខ្លួនកាលណា។
ហេតុតែខ្លួនឯង ចេះគិតតាក់តែង ឲ្យគ្រប់ប្រការ
ទាំងលេខទាំងក្បាច់ ស្រេចនូវអាត្មា ឯងឲ្យអស់ការ
គិតគូរសព្វសាយ។
បើបានគេកោត គេមានចំណោទ គេកោតប្រាជ្ញប្រាយ
គេយល់ឯងចេះ ចំណេះលែបខាយ ពុំមានក្លែងក្លាយ
បំបាត់បានឡើយ។
រីត្រង់អ្នកខ្លៅ ផ្តេកផ្តិតចិត្តទៅ យកគេជាត្រើយ
កាលម្តងគេត្រង់ គង់ចិត្តនៅឡើយ ដល់ពីរដងហើយ
គេប្រែប្រាជ្ញា។
គេគិតទាយទាត់ វាយលេខបំភ្លាត់ បំផ្លាញអាត្មា
ចំណេញទៅគេ ទទេអសារ ខ្លួនឯងឥតការ
ខាតទុនក្រខ្លួន។
នេះឯងក្មេងអើយ កុំប្រហែសឡើយ រៀនទុកជាក្បួន
ទាំងលេខទាំងក្បាច់ អាស្រ័យនៅខ្លួន អក្សរឲ្យសួន
ទាន់ខ្លួននៅក្មេង។
តែចាស់បន្តិច វិញ្ញាណភ្លាំងភ្លេច គំនិតប្រែផ្សេង
គិតការច្រើនមុខ កើតទុក្ខចំបែង ប្រាប់អស់ក្មេងៗ
ចាំទុកឲ្យហើយ។
កុំអាងម៉ែឪ សម្បត្តិដែលនៅ មានច្រើននោះឡើយ
ក្រែងឥតពីម៉ែ ពីឪទៅហើយ ខ្លួនខ្លៅឆោតឆើយ
ល្ងិតល្ងង់មោហា។
ក្រែងអស់ទាំងទ្រព្យ នោះវាមិនខ្ជាប់ នៅនឹងអាត្មា
ខ្លួនឯងឆោតខ្លៅ កំឡៅមោហា មិនចេះរក្សា
មិនបានគង់ទេ។
ខូចខាតមិនខាន គំនិតមិនបាន ប្រហែសខ្ញុំគេ
គេវាយគេធាក់ គេប្រើគេជេរ មិនឲ្យទំនេរ
ខ្មាសគេតិចអី។
ដូច្នេះគួរគិត គួរឃើញគំនិត គួរគិតសេចក្តី
ជាមនុស្សដូចគេ គួរតែឃ្មាតខ្មី រំឭកស្មារតី
ស្រឡាញ់របៀន។
កុំគិតខ្ជិលពេក កុំគិតពួនដេក កុំគិតវេះវៀន
កុំគិតមានពុត រមត់កិចកៀន កុំគិតអៀនប្រៀន
វេះវៀនចិត្តកាច។
ឲ្យរៀនចិត្តល្អ ដឹងធម៌អក្សរ គួរគិតកោតខ្លាច
ការកេរ្តិ៍ប្រយ័ត្ន គួរកាត់ចោលកាច គួរឲ្យខ្លួនខ្លាច
កុំឲ្យគ្រូទាយ។
ពាក្យគ្រូធ្ងន់ណាស់ ដំនៀលដល់ចាស់ ពីព្រេងមុននាយ
ឯត្រង់ពាក្យម្តាយ ទំនាយគ្រូទាយ នេះឯងមិនងាយ
អាក្រក់ណាស់ណា។
ឲ្យប្រុងប្រយ័ត្ន បម្រើប្រណិបតន៍ កាន់ចិត្តស្នេហា
កុំឲ្យអន់អាក់ ថ្នាំងថ្នាក់ចិន្តា គ្រូទាយហើយណា
ឆុតឆាប់ណាស់ហោង។
ឲ្យដឹងបាបបុណ្យ ស្គាល់ទោសនិងគុណ ជាទុនទៅមុខ
គុណគ្រូបាធ្យាយ គុណម្តាយឪពុក រៀមច្បងទំនុក
ឲ្យសុខអនុកូល។
គ្រូមួយផងគ្នា រួមរ័ក្សចិត្តជា ស្នេហាមិត្រមូល
កុំនាំអុជហេតុ បំបែកចិត្តចូល កាច់កិនត្រកូល
បង្កើតមាត់ក។
កុំធ្វើម៉ាក់ងាយ នឹងគ្រូបាធ្យាយ រៀនចិត្តឲ្យល្អ
ទោះអ្នកឯណា ណែផ្លូវអក្សរ អ្នកនោះឯងអរ
ដោយចិត្តមេត្រី។
កុំឲ្យសៅហ្មង លើកលោកកន្លង ពោលពាក្យស្រដី
រឹងរួសទ្រគោះ ឈ្លាសឈ្លោះសេចក្តី កើតទោសអប្រិយ
ជេរពោលប្រមាទ។
អ្នកនោះស្មើគ្រូ បង្កើតអភិរូហ៍ គុណគេឱវាទ
គេជួញប្រដៅ គេហៅឱហាត ដាស់តឿនសង្វាត
ឲ្យឯងចេះឆាប់។
បើឯងចេះហើយ កុំភ្លេចគុណឡើយ ឲ្យដឹងដោយច្បាប់
គិតគូរឲ្យខ្លាច ដើរតាមសណ្តាប់ គន្លងធម៌ច្បាប់
កុំឲ្យម៉ាក់ងាយ។
នេះឯងគន្លង ត្រឹមត្រូវទំនង អំពីព្រេងនាយ
ឯករាជ្យឥឡូវ ច្រើនតែម៉ាក់ងាយ ចេះហើយជេរម្តាយ
ប្រមាទគ្រូវិញ។
ហេតុដូច្នេះឯង លោកិយយល់ស្តែង តែងឃើញម្តេចមិញ
ហិនហោចសូន្យសុង លិចលង់ទៅវិញ ទោសនោះឯងវិញ
កើតពីឯណា។
កើតពីចិត្តឯង បង្កើតស្វះស្វែង បំផ្លាញអាត្មា
រោលរាលក្នុងពោះ ឆេះក្នុងឱរា បង្កើតទោសា
ឲ្យទុក្ខរូបឯង។
ចេះតែបន្តិច លើកខ្លួនកំប៉ិច កំប៉ោងឥតក្រែង
តែងឃើញរៀងមក យ៉ាងដូច្នេះឯង ម៉្លោះហើយវាតែង
ខុសនឹងទេព្តា។
រីអ្នកចិត្តល្អ ដឹងខ្មៅដឹងស ចេះពិចារណា
ស្គាល់គុណនិងទោស សន្តោសអាត្មា អត់ឱនចិន្តា
ពុំដែលសៅហ្មង។
អ្នកនោះឯងនៃ សោតសឹងប្រពៃ សួស្តីកន្លង
បរលោកលោកិយ ឥតបីសៅហ្មង ទាំងទេព្តាផង
ចម្រើនឲ្យសុខ។
ដរាបរៀងទៅ សុខពីឥឡូវ រៀងទៅឯមុខ
ចៀសចាកប្រាសប្រាណ ពីឋាននរក រៀនរួចបានសុខ
ដល់សួគ៌ាល័យ។
អរិយសត្ថា គន់គិតចែងចារ ចងជាសេចក្តី
តម្រង់តម្រាប់ ជាច្បាប់យ៉ាងថ្មី ដាស់តឿនស្រដី
សិស្សសព្វប្រការ។
គួរគិតរករៀន កិច្ចការរបៀន របបសាស្ត្រា
តាមច្បាប់និទាន ទូន្មានអាត្មា រៀងរាល់រូបា
សូរេចចប់ហោង៕
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
